(ភ្នំពេញ)៖ ការិយាល័យ KOICA ប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ បានបើកវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរាជការកម្ពុជា មកពីក្រសួងយុត្តិធម៌ និងក្រសួងបរិស្ថាន (ក្រុមការងារបច្ចេកទេសទីក្រុងនិរន្តរភាព)។ កម្មវិធីតម្រង់ទិសនេះត្រូវបានរៀបចំឡើងក្រោមកម្មវិធី KOICA Fellowship Program (CIAT) ដែលគាំទ្រក្រសួងយុត្តិធម៌លើ «ការកសាងសមត្ថភាពលើការប្រឆាំងការលាងលុយកខ្វក់ដោយការអនុវត្តកោសល្យវិច្ច័យឌីជីថល» និងគាំទ្រក្រសួងបរិស្ថានលើ «ការអភិវឌ្ឍសមត្ថភាព សម្រាប់ផែនការ និងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព»

វគ្គតម្រង់ទិសមុនពេលចេញដំណើរត្រូវបានរៀបចំឡើង ដើម្បីធានាថា មន្ត្រីរាជការត្រូវបានត្រៀមខ្លួនយ៉ាងល្អដើម្បីប្រឈមមុខនឹងភាពខុសគ្នាខាងវប្បធម៌ និងសង្គម ដែលពួកគេអាចជួបប្រទះក្នុងអំឡុងពេលសិក្សា និងហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ តាមរយៈការផ្តល់ឱ្យពួកគេនូវចំណេះដឹង និងវប្បធម៌ ជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងការយល់ដឹងអំពីការរំពឹងទុកនៃការសិក្សា កម្មវិធីតម្រង់ទិសនេះក្លាយជាជំហានឆ្ពោះទៅរកបទពិសោធន៍ជោគជ័យ និងពង្រឹងសមត្ថភាពសម្រាប់មន្ត្រីរាជការ។

ជាមួយនឹងបេសកកម្មដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្ស (HRD) នៅក្នុងប្រទេសដៃគូ KOICA បានអញ្ជើញអ្នកដែលមានទេពកោសល្យពីប្រទេសកម្ពុជា និងជួយពួកគេឱ្យទទួលបានចំណេះដឹងប្រកបដោយវិជ្ជាជីវៈ ដែលនឹងដើរតួយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។

កម្មវិធីអាហារូបករណ៍របស់ KOICA (CIAT) គឺជាកម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស (HRD) ឈានមុខគេរបស់ប្រទេសកូរ៉េ។ តាមរយៈកម្មវិធី ទីភ្នាក់ងារKOICA តែងតែអញ្ជើញមន្ត្រីរាជការ វិស្វករ អ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីផ្តល់ការពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលលើវិស័យផ្សេងៗ ដោយផ្តោតលើការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យានៃការអភិវឌ្ឍន៍របស់ប្រទេសកូរ៉េ។

ដើម្បីសម្រេចបេសកកម្មនេះ KOICA បាននិងកំពុងដំណើរការកម្មវិធីអាហារូបករណ៍ផ្សេងៗ។ សម្រាប់ឆ្នាំ ២០២៤ មានមន្ត្រីរាជការជាង ១៤០នាក់ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី។ នៅពេលបញ្ចប់កម្មវិធីបណ្តុះបណ្តាល មន្ត្រីទាំង១៥ នាក់ដែលមកពីក្រសួងយុត្តិធម៌ ត្រូវបានរំពឹងថា នឹងទទួលបានការពង្រឹងសមត្ថភាពស៊ើបអង្កេត និងសមត្ថភាពព្រះរាជអាជ្ញា ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ បន្ថែមពីលើនេះ មន្ត្រីទាំង២០រូបមកពីក្រសួងបរិស្ថាន ដែលរួមមានសមាជិកនៃក្រុមការងារបច្ចេកទេសសម្រាប់ទីក្រុងប្រកបដោយនិរន្តរភាព នឹងពង្រឹងជំនាញរបស់ពួកគេក្នុងការរៀបចំផែនការ និងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព។

ក្នុងវគ្គតម្រង់ទិសមុនចេញដំណើរ កញ្ញា ថន ខេងវិច្ឆិរ៉ានី អតីតនិស្សិតនៃកម្មវិធីអាហារូបករណ៍ KOICA ពីប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងបម្រើការជាមន្ត្រីសម្របសម្រួលជំនួយ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចែករំលែកនូវបទពិសោធន៍ទទួលបានពីអាហារូបករណ៍របស់នាងនៅប្រទេសកូរ៉េ និងរបៀបដែលនាងកំពុងអនុវត្តចំណេះដឹងក្នុងតួនាទីបច្ចុប្បន្នរបស់នាងជាអ្នកសម្របសម្រួលជំនួយ។

មន្ត្រីដែលបានបានចូលរួមវគ្គតម្រង់ទិសមុនចេញដំណើរ បានបង្ហាញពីការអរគុណរបស់ពួកគេ និងធានានូវការគាំទ្ររបស់ពួកគេចំពោះទីភ្នាក់ងារKOICA និងរដ្ឋាភិបាលកូរ៉េ ហើយបានប្តេជ្ញានាំយកនូវអ្វីដែលពួកគេនឹងរៀនពីប្រទេសកូរ៉េ ដើម្បីជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ១៩៩៤ មកកម្មវិធីអាហារូបករណ៍ KOICA បានគាំទ្រដល់មន្ត្រីរាជការកម្ពុជា ដែលមានអ្នកចូលរួមសរុបចំនួន ៣,៦៤៧ នាក់ ក្នុងគម្រោងជំនួយផ្សេងៗ ដូចជា កម្មវិធីបណ្តុះបណ្តាលជាប្រទេស ការបណ្តុះបណ្តាលជាសកល និងកម្មវិធីអាហារូបករណ៍។ ទីភ្នាក់ងារKOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនានាក្នុងប្រទេសកម្ពុជា ដែលកំណត់គោលដៅអភិវឌ្ឍន៍ធនធានមនុស្ស៕