(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញានេះ បានថ្លែងអំណរគុណ និងអំពាវនាវដល់មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមហ៊ុនឯកជន សូមបន្តចូលរួមទិញស្រូវ-អង្កររបស់កសិករ ឲ្យបានច្រើនថែមទៀត នៅទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងថ្ងៃនេះ បន្ទាប់ពីមានការអំពាវនាវ របស់ធនាគារអភិវឌ្ឍន៍ជនបទ​ គឺខ្ញុំសង្កេតឃើញថា មានមន្រ្តីរាជរដ្ឋាភិបាល​ ពាណិជ្ជករ​និងក្រុមហ៊ុនមួយចំនួន បានចាប់ផ្តើមជួយទទួលទិញស្រូវ ប្រជាពលរដ្ឋ។​ នេះជាសកម្មភាពចូលរួមចំណែកដ៏សំខាន់ ក្នុងការជួយដល់កសិករយើង។ ឆ្លៀតក្នុងឱកាសនេះ​ ខ្ញុំសូមអរគុណ និងសូមអំពាវនាវ បន្ថែមទៅកាន់​មន្រ្តីរាជរដ្ឋាភិបាល​ និអាជ្ញាធរគ្រប់ជាន់ថ្នាក់​ ក្រុមហ៊ុនឯកជន​សូមបន្តចូលរួមនៅក្នុងចលនា ជួយទិញស្រូវប្រជាកសិករយើងឲ្យ បានកាន់តែច្រើនឡើងនៅទូទាំងប្រទេស»

ធនាគារស្រូវ និងធនាគារអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជួយទិញអង្ករ របស់កសិករខ្មែរ ទោះ១បាវក្តី ២បាវក្តី ឬច្រើនជាងនេះក្តី ដើម្បីជួយគាំទ្រកសិផលខ្មែរ និងកសិករដែលកំពុងជួបការលំបាក ពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរ​ សូមទំនាក់ទំនងមកកាន់ ទូរស័ព្ទលេខ៖ 017 888 001 - 078 777 669។ Fresh News នឹងចូលរួមផ្សព្វផ្សាយ បញ្ជីឈ្មោះបងប្អូនប្រជាពលរដ្ឋនៅលើ Fresh News។

លើសពីនោះទៀត បងប្អូនប្រជាពលរដ្ឋអាចបញ្ជាទិញអង្ករ និងអាចស្តុកទុក នៅធនាគារស្រូវរហូតដល់ពេលណាបងប្អូនត្រូវការ ទើបយកក៏បានដែរ។ សូមអរគុណចំពោះការចូលរួមរបស់បងប្អូនជួយលើកកំពស់តំលៃស្រូវខ្មែរ៕