(ភ្នំពេញ)៖ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំវេទិកាថ្នាក់រៀនស្ដីពីសារសំខាន់នៃការសិក្សា «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» ដល់សិស្សនៃវិទ្យាល័យស្រែណូយចំនួន ២០នាក់។ គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀននេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង និងការចងចាំអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), ការការពារ និងទប់ស្កាត់ការកកើតឡើងវិញនៃអំពើប្រល័យពូជសាសន៍តាមរយៈការមិនប្រព្រឹត្ដអំពើហិង្សាគ្រប់ទម្រង់ មិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ ជនជាតិ និងនិន្នាការនយោបាយ។

មុនចាប់ផ្តើមកម្មវិធី បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ឲ្យសិស្សទស្សនាភាពយន្តឯកសារដែលមានចំណងជើងថា «គុកទួលស្លែង»។ ភាពយន្តឯកសារនេះ ត្រូវបានថតដោយអ្នកកាសែតជនជាតិវៀតណាមឈ្មោះ ហូ វ៉ាន់តាយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៥ បន្ទាប់ពីការដួលរលំរបបខ្មែរក្រហម។
សិស្សម្នាក់ៗគឺតម្រូវឲ្យសរសេរការយល់ឃើញរបស់ខ្លួន បន្ទាប់ពីទស្សនាភាពយន្តឯកសារនេះចប់។ សិស្សមួយចំនួនយល់ឃើញថា ភាពយន្តឯកសារនេះពោរពេញទៅដោយការឈឺចាប់ និងទុក្ខលំបាក ដែលអ្នកទោសបានជួបប្រទះ។ ចំណែកសិស្សខ្លះទៀតយល់ថា របបខ្មែរក្រហមគ្មានច្បាប់ ហើយថែមទាំងសម្លាប់មនុស្សស្រេចតែចិត្ដ។ នៅផ្នែកបន្ទាប់ បណ្ឌិត លី សុខឃាង ក៏បានធ្វើបទបង្ហាញអំពីការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង និងទីប្រជុំជន ដោយយោងទៅលើហេតុផលសំខាន់ៗ ដូចជា ១) ខ្លាចកងទ័ពសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក, ២) ខ្វះមធ្យោបាយដឹកស្បៀង, ៣) បោសសម្អាតខ្មាំង។

នៅក្នុងនោះ អតីតកងទ័ព និងមន្រ្ដីរដ្ឋការ លន់ នល់ ត្រូវបានដឹកទៅសម្លាប់នៅទួលពោធិ៍ជ្រៃ ដែលស្ថិតនៅកៀកនឹងបឹងទន្លេសាបក្នុងខេត្ដពោធិ៍សាត់ ក្នុងហេតុផលកោះហៅឲ្យចូលរួមវគ្គបណ្ដុះបណ្ដាល និងចូលគាល់សម្ដេចព្រះ នរោត្ដម សីហនុ។ មានការប៉ាន់ស្មានថា អតីតទាហាន និងមន្រ្ដីរដ្ឋការ លន់ នល់ ទាំងនោះត្រូវបានសម្លាប់ប្រមាណពី២ពាន់ទៅ៨ពាន់នាក់។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចាត់ចូលសំណុំរឿងនេះជាសំណុំរឿងមួយដើម្បីជំនុំជម្រះទោសទៅលើមេដឹកនាំខ្មែរក្រហម។ នៅក្នុងទិដ្ឋភាពផ្លូវច្បាប់ កេរដំណែលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) គឺជាឯកសារផ្លូវច្បាប់ដែលបញ្ជាក់ថា របបខ្មែរក្រហមបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដកម្មយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជនកម្ពុជា។ ជាងនេះទៀត យុវជនអាចរៀនសូត្រពីប្រវត្ដិសាស្រ្ដនៅក្នុងសង្គមរបស់ខ្លួនដែលមានប្រភពឯកសារច្បាស់លាស់។

នៅផ្នែកចុងក្រោយនៃវេទិកា សិស្សបានរៀនពីវិធីសាស្រ្ដនៃការទប់ស្កាត់អំពើហិង្សា និងអំពើប្រល័យពូជសាសន៍នាពេលអនាគត ដោយផ្អែកលើសំណួរមួយថា តើក្នុងនាមជាយុវជនម្នាក់អាចធ្វើអ្វីបានខ្លះចំពោះការទប់ស្កាត់អំពើហិង្សា និងអំពើប្រល័យពូជសាសន៍នាពេលអនាគត។ នៅក្នុងចំណុចនេះ ការបដិសេធចំពោះអំពើហិង្សា, ការលើទឹកចិត្ដឲ្យមានដំណោះស្រាយដោយសន្ដិវិធីចំពោះជម្លោះ និងនិយាយប្រឆាំងនឹងអំពើហិង្សា, ការការពារសិទ្ធិជាបុគ្គលរបស់សមាជិកក្នុងសហគមន៍ដោយមិនគិតពីពណ៌សម្បុរ និន្នាការនយោបាយ និងការបង្រៀនយុវជនឲ្យស្រឡាញ់ភាពសម្បូរបែបនៃវប្បធម៌ សាសនា និងសហគមន៍ ការទទួលបានការអប់រំ ទំនាក់ទំនងការទូត និងមូលហេតុដែលនាំឲ្យកើតមានអំពើប្រល័យពូជសាសន៍ គឺសុទ្ធសឹងតែជាវិធីសាស្រ្ដដែលអាចឲ្យយុវជនចេះគិតគូរពិចារណា និងឆ្លុះបញ្ចាំងអំពីខ្លួនឯង សហគមន៍ និងសង្គមជាតិ។

នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀន សិស្សបានបង្ហាញចំណាប់អារម្មណ៍ល្អៗជាច្រើន។

ណាន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២ នៅវិទ្យាល័យស្រែណូយ បានលើកឡើងថា៖ «ខ្ញុំយល់ថាការសិក្សារៀនសូត្រពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ល្អខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះធ្វើឲ្យខ្ញុំដឹងពីប្រវត្តិសាស្រ្តដ៏ឃោរឃៅនៅក្នុងរបបនោះ។ នៅថ្ងៃមុខ ខ្ញុំអាចយកប្រវត្តិសាស្រ្តមួយនេះទៅប្រាប់ដល់ប្អូនជំនាន់ក្រោយ ដើម្បីកុំឲ្យអំពើប្រល័យពូជសាសន៍កើតមានឡើងម្ដងទៀត។ ការសិក្សាអំពីប្រវត្តិសាស្រ្តនៅថ្ងៃនេះ បានធ្វើឲ្យខ្ញុំយល់ដឹងបន្ថែមអំពីការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញដោយបង្ខំ ការកាប់សម្លាប់ ការធ្វើទារុណកម្មប្រជាជន និងអំពើកាចសាហាវផ្សេងៗទៀត។ ចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហមអាចជួយឲ្យខ្ញុំដឹងអំពីការទទួលបាននូវយុត្តិធម៌ សម្រាប់ជនរងគ្រោះ និងនាំឲ្យអ្នកដែលបានប្រព្រឹត្តកំហុស ទទួលទោសទៅតាមច្បាប់។ ក្នុងនាមខ្ញុំជាយុវជនម្នាក់ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតមានឡើងម្ដងទៀត គឺត្រូវតែអប់រំលើផ្នែកសិទ្ធិមនុស្ស ការមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ មិនមានការបិទសិទ្ធិសេរីភាព និងធ្វើការណែនាំក្មេងៗជំនាន់ក្រោយឲ្យបានយល់ដឹងពីភាពឃោរឃៅនៅក្នុងរបបខ្មែរក្រហម»

ទូច ផល្លា ភេទស្រី អាយុ២១ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ វិទ្យាល័យស្រែណូយ រៀបរាប់ថា «ខ្ញុំពិតជាចង់រៀនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)ខ្លាំងណាស់ ព្រោះការរៀនប្រវត្តិសាស្រ្តធ្វើឲ្យខ្ញុំបានដឹងពីរបៀបរបបនៃការរស់នៅរបស់ប្រជាជនពីសម័យកាលនីមួយៗ និងប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតដែលប្រជាជបបានឆ្លងកាត់របបខ្មែរក្រហម។ ខ្ញុំគិតថាតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមបានជួយដល់ខ្ញុំរួមទាំងសង្គមជាតិយ៉ាងធំធេង ពីព្រោះតុលាការបានជួយរកយុត្តិធម៌ដល់បងប្អូនសាច់ញាតិដែលបានបាត់បង់សមាជិកគ្រួសារនៅក្នុងជំនាន់នោះ រួមទាំងអ្នកដែលបានស្លាប់ទៅហើយ។ លើសពីនេះទៅទៀត គឺជួយទប់ស្កាត់អំពើឃោរឃៅមិនឲ្យកើតមានឡើងនៅក្នុងប្រទេសកម្ពុជាម្ដងទៀត។ ក្នុងនាមខ្ញុំជាយុវជនម្នាក់ ដើម្បីចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍ ខ្ញុំត្រូវចូលរួមណែនាំអំពីការមិនប្រើប្រាស់អំពើហិង្សា ការចេះឲ្យតម្លៃគ្នាទៅវិញទៅមក និងយោគយល់អធ្យាស្រ័យគ្នាតាមដែលអាចធ្វើទៅបាន»

ឈន ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ វិទ្យាល័យស្រែណូយ បានឲ្យដឹងថា «ខ្ញុំពិតជារំភើបណាស់ដែលបានមកចូលរួមក្នុងវេទិកាថ្នាក់រៀន ស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ពីព្រោះការរៀនពីប្រវត្តិសាស្រ្តនេះបានធ្វើឲ្យខ្ញុំយល់ដឹងពីការដឹកនាំក្នុងរបបខ្មែរក្រហម។ លើសពីនេះទៅទៀត ខ្ញុំបានឈ្វេងយល់បន្ថែមទៀតពីការជម្លៀសប្រជាជនដោយបង្ខំ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម ការធ្វើទារុណកម្មលើអ្នកទោស និងប្រជាជននៅក្នុងរបបកុម្មុយនីស្ត។ ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយម្នាក់ ដើម្បីទប់ស្កាត់កុំឲ្យអំពើប្រល័យពូជសាសន៍កើតមានឡើងម្ដងទៀត គឺខ្ញុំត្រូវផ្សព្វផ្សាយពីផលវិបាកនៃការកើតមានអំពើប្រល័យពូជសាសន៍ ចូលរួមឈ្វេងយល់ពីប្រវត្តិសាស្រ្តឲ្យបានកាន់តែច្រើនដើម្បីយកទៅប្រាប់ក្មេងៗជំនាន់ក្រោយ ហើយជាងនេះទៅទៀតនោះ គឺយើងមិនត្រូវប្រើប្រាស់អំពើហិង្សា និងរើសអើងពូជសាសន៍ឡើយ»

នឹម ស៊ីនឿន ភេទស្រី អាយុ១៨ឆ្នាំ លើកឡើងថា «ការសិក្សាពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បានជួយឲ្យខ្ញុំមានចំណេះដឹងទៅលើជីវភាពរស់នៅរបស់ប្រជាជនក្នុងរបបខ្មែរក្រហម។ ការឈ្វេងយល់ពីប្រវត្តិសាស្ត្រនេះបានធ្វើឲ្យខ្ញុំដឹងបន្ថែមអំពីការជម្លៀសប្រជាជនចេញពីទីក្រុង ការកៀបសង្កត់ប្រជាជន និងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំនៅតែចង់ដឹងថាហេតុអ្វីខ្មែរក្រហមធ្វើបាបប្រជាជនខ្លួនឯង ការបង្កើតរបបខ្មែរក្រហមដើម្បីតែសម្លាប់ប្រជាជនខ្មែរ ឬយ៉ាងណា? តើមូលហេតុអ្វីបានជាមានការជម្លៀសប្រជាជនដោយបង្ខំ និងប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើអ្នកទោស? ក្នុងនាមខ្ញុំជាយុវជនម្នាក់ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍យើងត្រូវចូលរួមអភិវឌ្ឍន៍ប្រទេស លុបបំបាត់ចោលនូវការរើសអើង និងប្រឆាំងនឹងអំពើពុករលួយដែលមាននៅក្នុងសង្គម»