(ភ្នំពេញ)៖ គណៈគ្រប់គ្រងសាលាមីគីវ៉េ ក្នុងនាមជាតំណាងឧកញ៉ា សៅ វលក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលសាលាមីគីវ៉េ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ នាំថវិកាសរុបចំនួន ៥៤ ២៣២ ០០០ រៀល បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាការបរិច្ចាគលើកទី៤ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

ថវិកានេះ ទទួលបានពីការចូលរួមបរិច្ចាគប្រកបដោយទឹកចិត្តស្បុរសធម៌ពីសំណាក់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ បុគ្គលិក សិស្សានុស្ស និងអាណាព្យាបាលសិស្ស តាមបណ្ដាសាខាទាំង៥២ របស់សាលាមីគីវ៉េ ទាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ សូមជម្រាបជូនថា សាលាមីគីវ៉េ តែងតែរៀបចំចលនាកៀរគរការបរិច្ចាគសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២លើក ក្នុងមួយឆ្នាំៗ គឺលើកទី១ នៅក្នុងអំឡុងខែមករា និងលើកទី២ ក្នុងអំឡុងខែកក្កដា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស ចំពោះការចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា៕