(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤នេះ មានយានយន្តបានចុះបញ្ជីសរុបទូទាំងប្រទេសបាន ២០០ ៨២៤គ្រឿង ក្នុងនោះ​ម៉ូតូ ១៧០ ៧៤៦គ្រឿង យានយន្តធុនស្រាល ២៦ ៣៨០គ្រឿង និងយានយន្តធុនធ្ងន់ ៣ ៦៩៨គ្រឿង។

លោក ផន រឹម បានប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ទៀតថា ក្នុងនោះសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៤នេះ មានយានយន្តអគ្គិសនី បានចុះបញ្ជីសរុបចំនួន ១ ៤៧៩គ្រឿង ក្នុងនោះមានម៉ូតូ ៥១៨គ្រឿង ម៉ូតូកង់បី ៣០គ្រឿង និងរថយន្ត ៩៣១គ្រឿងផងដែរ។

លោក ផន រឹម បានឱ្យដឹងទៀតថា គិតមកដល់ពេលនេះមានយានយន្ដដែលបានចុះបញ្ជីតាមច្បាប់ត្រឹមត្រូវមានរហូតដល់ ៧ ៤៨២ ៦៣៣គ្រឿង ក្នុងនោះមានម៉ូតូ ៦ ៣៥៥ ២២៣គ្រឿង យានយន្តធុនស្រាល ៨២៨ ៣៤៤គ្រឿង និងយានយន្តធុនធ្ងន់ ២៩៩ ០៦៦គ្រឿង៕