(បន្ទាយមានជ័យ)៖ បុរសឃោឃៅម្នាក់ បានប្រើអំពើហិង្សាវាយដំលើជនរងគ្រោះ ជាសង្សារអស់ជាច្រើនដង ធ្វើឱ្យខាងស្រីទ្រាំនឹងអំពើដ៏កាចសាហាវនេះមិនបាន ខាងស្រីក៏សម្រេចចិត្តដាក់ពាក្យប្ដឹង ដៃគូរបស់ខ្លួន ដើម្បីរួចផុតពីកម្មពារ។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាម លោក ជា ដា មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២០ ខែកញ្ញានេះ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យឈ្មោះ វ៉ន វ៉ាត់ (ហៅប្រេះ) អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិបាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត។
លោកបន្តថា យុវតីរងគ្រោះមានឈ្មោះ មុត គន្ធា (ហៅដា) អាយុ២៤ឆ្នាំ មានទីលំនៅភូមិប្រឡាយហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី បានរៀបរាប់ថា នាងបានចាកចេញពីស្រុកកំណើត ទៅបម្រើការងារនៅកាស៊ីណូ ហូលីដេ ផាលេស ក្នុងក្រុងប៉ោយប៉ែត ហើយមានទំនាក់ទំនងស្នេហាជាមួយឈ្មោះ វ៉ន វ៉ា ដោយពុំបានរៀបការឡើយ ហើយបានរួមរស់ជាមួយគ្នា ដូចជាប្តីប្រពន្ធ និងមានជម្លោះមិនចេះចប់មិនចេះហើយ ទើបនាងដាច់ចិត្តប្តឹងសមត្ថកិច្ច ចាប់សង្សាររបស់ខ្លួនតែម្ដង។
នារីរងគ្រោះបន្តថា ការរស់នៅជាមួយគ្នា ពួកគេពុំដែលចុះសម្រុងនឹងគ្នាទេ ពួកគេតែងតែកើតមានជម្លោះនឹងគ្នាជាច្រើនលើក ដោយមូលហេតុជនសង្ស័យខាងលើ ប្រច័ណ្ឌលើរូបនាង និងតែងតែប្រើអំពើហិង្សា លើរូបនាង លើកចុងក្រោយជនសង្ស័យ បានយកខ្សែឆ្នាំងសាកទូរស័ព្ទ និងច្រវ៉ាក់ចងដៃ ចងជើងហើយយកកាំបិតភ្ជង់កនាងទៀត។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រើអំពើហិង្សាលើរូបនាង ចំនួន៥លើក ដូចការចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន។ យោងតាមពាក្យបណ្តឹង របស់នារីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕