(ព្រៃវែង)៖ លោក វ៉ា ធីម អភិបាលស្រុកពាមជរ, លោក ផេង ហួរ ប្រធានក្រុមប្រឹក្សាស្រុកពាមជរ, លោក ម៉ិល គារី មេឃុំកោះចេក ព្រមទាំងក្រុមប្រឹក្សាឃុំកោះចេក និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមស្ដាប់ក្នុងវេទិកាសាធារណៈតំណាងឲ្យពលរដ្ឋប្រមាណ ៨៨៦គ្រួសារ ដែលបានផ្តិតមេដៃប្ដឹងទាមទារដីព្រែកបឹងកូរ ទុកជាសម្បត្តិរដ្ឋ ស្ថិតនៅក្នុងភូមិកោះចេក ឃុំកោះចេក នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើអះអាងថា ការចុះផ្សាយរបស់បណ្ដាញព័ត៌មានអនឡាញក្នុងស្រុកមួយ ដែលបានចោទប្រកាន់ ទៅលើលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ជាអ្នកនៅពីក្រោយខ្នង រឿងវិវាទដីរបស់រដ្ឋបាលឃុំកោះចេក និងឈ្មោះ ជេត ប៊ុនណា គឺជារឿងមិនពិត ដោយបានចុះផ្សាយធ្វើចោទប្រកាន់ទាំងបំពាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស លោកប្រធានក្រុមប្រឹក្សាខេត្ត។

លោក វ៉ា ធីម អភិបាលស្រុកពាមជរ បានបញ្ជាក់ប្រាប់ភ្នាក់ងារអង្គភាព Fresh News ប្រចាំខេត្តព្រៃវែង បានឲ្យដឹងថា ពាក់ព័ន្ធនឹងដីព្រែកអង្គកូរ ស្ថិតនៅក្នុងភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង មានបណ្ដាញព័ត៌មានមួយចំនួន បានធ្វើការចុះផ្សាយមួលបង្កាច់បង្ហូច កេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំ តាំងពីមូលដ្ឋានរហូតដល់ថ្នាក់ខេត្ត និងបានប៉ះពាល់ដល់កិត្តិយស លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណបក្សខេត្តថា លោកបានពាក់ព័ន្ធលើដីនេះ និងនៅពីក្រោយខ្នងជាដើម។ ក្នុងនាមអាជ្ញាធរមូលដ្ឋាន ដែលលោកជាអភិបាលស្រុក សូមធានា និងអះអាងថា លោក ស្បោង សារ៉ាត់ មិនពាក់ព័ន្ធនឹងការងាររឿងដីមួយនេះទេ។

លោក វ៉ា ធីម បានបញ្ជាក់ទៀតថា ថ្មីៗនេះលោកប្រធានគណបក្សខេត្ត បានចង្អុលបង្ហាញណែនាំឲ្យឃុំរកដី ដែលជាសម្បត្តិរដ្ឋជាដីទំនេរ ដើម្បីធ្វើជាស្នាក់ការគណបក្សឃុំ ប៉ុន្តែមិនពាក់ព័ន្ធ ដូចការលើកឡើងរបស់បណ្ដាញព័ត៌មានមួយចំនួន ដែលបានធ្វើការផ្សព្វផ្សាយមួលបង្កាច់បង្ខូចថា លោក ស្បោង សារ៉ាត់ យកទ្រព្យសម្បត្តិរបស់រដ្ឋ និងនៅពីក្រោយខ្នង ដើម្បីការពារដីនេះទុកជារបស់នរណាម្នាក់នោះ មិនមែនជាការពិតទេ ព្រោះដីនេះជាដីព្រែករបស់រដ្ឋ។

ជាមួយគ្នានេះ លោកអភិបាលស្រុកពាមជរបានបន្តថា ដីព្រែកអង្គកូរនេះ មិនមែនជាដីរបស់កម្មសិទ្ធិរបស់ លោក ជេត ប៊ុនណា នោះទ្បើយ ហើយក៏មិនមែនជាដីរបស់ឪពុកគាត់ដែរ វាជាដីព្រែកដែលមានមេឃុំគ្រប់ជំនាន់ ជាអ្នកមើលថែរក្សារហូត តែគណបក្សឃុំអត់មានថវិកា ចេះតែការពារដីនេះទុករហូត ដល់ពេលឃើញដីទំនេរគ្មានរបងដាំបង្គោលត្រឹមត្រូវ ហើយគ្មានមនុស្សរស់នៅទៀតនោះ ទើបលោក ជេត ប៊ុណ្ណា រំលោភយកតែម្តង ដល់ពេលសាលក្រមក៏ដូចជាការកាត់ក្តីតាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ជាតិ សាលក្រមតុលាការសម្រេចកន្លងមកថ្មីៗនេះ លោក ជេត ប៊ុណ្ណា មិនសុខចិត្ត និងមិនសប្បាយចិត្ត នូវការសម្រេចរបស់តុលាការ ទើបហៅអ្នកព័ត៌មានមកចុះផ្សាយរិះគន់ធ្ងន់ធ្ងរ មកថ្នាក់ដឹកនាំឃុំ ស្រុក រហូតដល់ថ្នាក់ខេត្ត នាំឲ្យប៉ះពាល់ដល់កិត្តិយស លោក ស្បោង សារ៉ាត់ ជាប្រធានគណបក្សខេត្ត ដែលលោកទាំងមិនបានដឹងរឿងដីនេះផង។

លោកបានបន្ថែមថា «ខ្ញុំជំនួសមុខឱ្យប្រជាពលរដ្ឋ៨ ម៉ឺននាក់នៅស្រុកពាមជរ សូមធ្វើការបដិសេធទាំងស្រុង នូវការចុះផ្សាយព័ត៌មានមិនពិត ដែលប៉ះពាល់ដល់ថ្នាក់ដឹកនាំឃុំ ស្រុក រហូតដល់ថ្នាក់ខេត្តនេះ ហើយសូមស្នើដល់អ្នកសារព័ត៌មានមុននឹងធ្វើការចុះផ្សាយ ត្រូវចុះសិក្សាឲ្យបានឥតល្អន់ ជាពិសេសត្រូវយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ កុំចុះមកតែមួយថ្ងៃហើយធ្វើការសន្និដ្ឋានវាយប្រហារ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ»

បន្ថែមលើសពីនេះ លោក ផេង ហួរ ប្រធានក្រុមប្រឹក្សាស្រុកពាមជរបានឲ្យដឹងថា រឿងវិវាទដីនៅភូមិកោះចេកនេះ មានតាំងពីយូរណាស់មកហើយ ដោយលោកមេឃុំចង់បានដីរដ្ឋនេះ មកជាសម្បត្តិរដ្ឋវិញ តែឯកជនក៏អះអាងថា គេបានកាន់កាប់ដែរ គេចង់បានដែរ។ ដូច្នេះរឿងទំនាស់នេះនាំឲ្យវែងឆ្ងាយ ដោយលោកមេឃុំគាត់ចង់បានដីនេះទុកជាសម្បត្តិរដ្ឋ សម្រាប់ប្រជាជនប្រើប្រាស់ជាសម្បត្តិរដ្ឋ ហើយឯកជន ក៏គេចង់បានដែរ ធ្វើឲ្យរឿងនេះឡើងទៅដល់តុលាការ អញ្ចឹងរឿងនេះ ដើម្បីឲ្យបានផលដល់ប្រជាជន មានតែតុលាការមួយគត់ដែលមានសិទ្ធិ សម្រេចឱ្យអ្នកណាឈ្នះ និងចាញ់ ទុកឱ្យតុលាការជាអ្នកសម្រេចចុះ។ ហើយរឿងនេះមិនបានពាក់ព័ន្ធជាមួយនឹងលោក ស្បោង សារ៉ាត ប្រធានគណបក្សខេត្តនោះទេ ដោយលោកគ្រាន់តែដាក់ផែនការឲ្យគ្រប់ឃុំទាំងអស់ ត្រូវរកដីធ្វើស្នាក់ការគណបក្សតែប៉ុណ្ណោះ ដូច្នេះលោកពុំពាក់ព័ន្ធរឿងដីធ្លីនោះទេ។

ពាក់ព័ន្ធរឿងដីធ្លីនេះ លោក ម៉ិល គារី មេឃុំកោះចេកបានបញ្ជាក់ផងដែរថា សាលក្រមរបស់សាលាដំបូងខេត្ត បានសម្រេចហើយ តែលោក ជេត ប៊ុណ្ណា នេះ មិនព្រមទេ បានប្ដឹងទៅឧទ្ធរណ៍បន្ថែមទៀត ហើយសាលាឧទ្ធរណ៍បានច្រានចោល ហើយបានឯកភាពតាមសាលាដំបូងខេត្តព្រៃវែង អ្នកកាត់ក្តី អញ្ចឹងសាលក្រមបានចូលជាធរមានហើយ ជាក់ស្ដែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ គឺខាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង បានចុះមកអនុវត្តសាលក្រម ប៉ុន្តែលោកព្រះរាជអាជ្ញាចង់ធ្វើដោយសន្តិវិធីត្រជាក់ មិនចង់ក្តៅនោះទេ កុំឱ្យមានការប៉ះទង្គិចហួសហេតុ តែលោក ជេត ប៊ុណ្ណា នេះមិនព្រមទេបានធ្វើការរារាំង ដូច្នេះលោកព្រះរាជអាជ្ញាគាត់បានធ្វើការពន្យារពេលរហូតដល់ថ្ងៃទី១ ខែកក្កដានេះ ហើយបានជូនដំណឹងមកឃុំថា រឿងអនុវត្តសាលក្រមនេះ ត្រូវពន្យារពេលបន្តទៀត ដោយការអនុវត្តសាលក្រមនេះ ជាសិទ្ធិសម្រេចរបស់តុលាការ អាជ្ញាធរមូលដ្ឋានគ្មានសិទ្ធិលូកដៃទេ។

ពាក់ព័ន្ធនិងរឿងវិវាទដីរវាងរដ្ឋបាលឃុំកោះចេក និងឈ្មោះ ជេត ប៉ុណ្ណា នេះ ប្រជាពលរដ្ឋដែលរស់នៅឃុំកោះចេក ក៏ជាដូចអាជ្ញាធរមូលដ្ឋាន សូមអំពាវនាវដល់ស្ថាប័នតុលាការខេត្តព្រៃវែង សូមមេត្តាជួយពន្លឿននីតិវិធីច្បាប់ ផ្ដល់ភាពយុត្តិធម៌ដល់រដ្ឋបាលឃុំ ដែលបានប្តឹងទាមទារអូសបន្លាយជាង ១០ឆ្នាំមកហើយ ដើម្បីមានសិទ្ធិគ្រប់គ្រងដីនេះ ជាសម្បត្តិរដ្ឋ ហើយមិនឲ្យធ្លាក់ទៅលើបុគ្គលណាម្នាក់នោះឡើយ។

សូមបញ្ជាក់ថា ការចុះអនុវត្តសាលក្រមដោយបង្ខំរបស់តុលាការលេខ១៧៦២/២០២៤ អយច ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ តំណាងអយ្យការ ដឹកនាំដោយលោក ថេង រ៉ាឆាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រៃវែង សំណុំរឿងអនុវត្តលេខ១៩៨ ដស.រណ/២០២៣ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តព្រៃវែងបានអនុវត្ត កាលពីថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០២៤ដើម្បីចាក់ដីលើទំហំ១៩ម៉ែត្រ និងជម្រៅ៤០ម៉ែត្រ នៅភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង កន្លងទៅនេះ ពុំបានសម្រេចនោះទេ ដោយភាគីឈ្មោះ ជេត ប៊ុណ្ណា និងគ្រួសារ រារាំងមិនព្រមឲ្យអនុវត្តសាលក្រម ត្រូវបានលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រៃវែង លើកពេលទៅថ្ងៃក្រោយផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់អាជ្ញាធរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឃុំកោះចេកនេះ អង្គភាព Fresh news មិនអាចទំនាក់ទំនងទៅលោក ជេត ប៊ុណ្ណា បានទេនៅរសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ ២០២៤ ប៉ុន្តែទោះបីយ៉ាងណា ប្រភពខ្លះបានបង្ហើបឲ្យដឹងថា លោក ជេត ប៉ុណ្ណា កំពុងតែរកមេធាវី ដើម្បីដាក់ពាក្យប្ដឹងសើរើសំណុំរឿងនេះឡើងវិញផងដែរ៕