Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលកំពែងអង្គរធំ ប្រវែង៤៥ម៉ែត្រ នៅខ្លោងទ្វារដីឆ្នាំង ក្រោយបើកការជួសជុលអស់រយៈពេល៤ឆ្នាំ

20-09-2016 16:13

(សៀមរាប)៖ លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេស និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា កំពែងក្រុង អង្គរធំជ្រុងខាងជើង ផ្នែកខាងកើតខ្លោងទ្វារដីឆ្នាំងប្រវែង៤៥ម៉ែត្រ ដែលរងការខូចខាតដោយឥទ្ធិពលខ្យល់ព្យុះកេតសាណានាឆ្នាំ២០១១កន្លងមក បានជួសជុលរួចជាស្ថាពរ ហើយនៅខែកញ្ញា ឆ្នាំ២០១៦នេះ  បន្ទាប់ពីបំពេញការងារជួសជុល អស់រយៈពេល៤ឆ្នាំ។

លោក ម៉ៅ សុខនី បានបញ្ជាក់ថា ចំពោះការជួសជុលកំពែងនេះ គឺធ្វើតាមបច្ចេកទេសបុរាណ និងរក្សានូវទ្រង់ទ្រាយដើមទាំងស្រុង ដោយការរៀបថ្មតាមទីតាំងដើមចំពោះថ្មល្អ ឯថ្មណាដែលពុកផុយ ប្រើការមិន កើត គឺជំនួសដោយថ្មថ្មី។ ចំណែកបាយអដែលបិទភ្ជាប់ថ្មបាយក្រៀមនឹងជញ្ជាំងកំពែង គឺផ្សំឡើងដោយសមាសធាតុដូចជា ខ្សាច់ ដីឥដ្ឋ កំទេចថ្មបាយក្រៀមម៉ដ្ឋ ដែលវាមានភាពស្អិតល្អ ពេលស្ងួតគឺរឹងមាំដូច បេតុង។

លោកបានអះអាងថា ជញ្ជាំងកំពែង ដែលទើបជួសជុលថ្មីនេះ នឹងមានភាពរឹងមាំយូរជាងសំណង់ចាស់ ព្រោះពីបុរាណកំពែងនេះ មានភាពស្តើង មុខកាត់ប្រវែងមួយម៉ែត្រ ហើយខាងក្នុងទប់ ដោយដី អាចនៅ បានជាង៨០០ឆ្នាំមកហើយ។ រីឯបច្ចេកទេសថ្មី គឺក្រុមការងារ បានថែមជញ្ជាំងមួយជាន់ទៀតពីខាងក្នុង ដូច្នេះនឹងអាចធ្វើឱ្យជញ្ជាំងនេះ មានភាពរឹងមាំកាន់តែយូរ។  ក្នុងនោះដែរ ចំពោះ​ការរៀបថ្ម ដាប់ថ្ម ជញ្ជូនថ្ម ក៏មិនមានការប្រើគ្រឿងចក្រ អ្វីដែរ គឺប្រើកម្លាំងពលកម្មរបស់អាជ្ញាធរជាតិអប្សរាចំនួន៧០នាក់។ លោក ម៉ៅ សុខនី ក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់​គម្រោងជួស​ជុលនេះ ក្រុមការងារនឹង បន្ត ភារកិច្ចថែទាំ ទប់ទឹកកុំឱ្យហូរច្រោះមកលើជញ្ជាំងកំពែង កាត់ក្រីមែកឈើ និងដកកូនឈើដែលដុះលើកំពែង ។

គួរបញ្ជាក់ថា តាំងពីឆ្នាំ២០១២ មកដល់ពេលនេះ អាជ្ញាធរជាតិអប្សរា បានជួសជុលកំពែងជញ្ជាំងអង្គរធំ បានប្រវែងសរុប៨៣ម៉ែត្រហើយ ដូចជានៅទន្លេអុំប្រវែង១៦ម៉ែត្រ និងនៅខ្លោងទ្វារដីឆ្នាំង ជ្រុងឦសាន ប្រវែង៨ម៉ែត្រ ចំណុចកណ្តាលប្រវែង៤៥ម៉ែត្រ និងខាងជើងឆៀងខាងកើតប្រវែង១៤ម៉ែត្រ៕