(ភ្នំពេញ)៖ ក្នុងបរិបទនៃការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យា ចំនួនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមានការកើនឡើង ដោយសារតែភាពងាយស្រួល និងរហ័ស។ ទន្ទឹមនឹងនេះ ការផ្សាយ និងចែកចាយមាតិកាលើបណ្តាញឌីជីថលក៏មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ បន្ថែមលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរដ្ឋ-ឯកជន។ ហេតុផលនេះ បានធ្វើឱ្យសង្គមមានប្រភពចែកចាយព័ត៌មានច្រើន ទាំងល្អនិងអាក្រក់ ទាំងពិតនិងមិនពិត។ នេះបើលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។

តាមរយៈកិច្ចសម្ភាសជាមួយ Fresh News អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវឱ្យប្រជាពលរដ្ឋម្នាក់ៗ ក្លាយជាអ្នកប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាំបាច់ត្រូវបង្កើនការគោរព និងអនុវត្តលក្ខខណ្ឌជាអ្នកប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ បង្កើនការប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់ទ្វេដង មុននឹងសម្រេចចិត្តចែកចាយ ឬផ្សព្វផ្សាយព័ត៌មានអ្វីមួយទៅក្រុមគ្រួសារ និងអ្នកដទៃ។

ក្នុងសង្គមដែលស្ថិរភាព សណ្តាប់ធ្នាប់ និងភាពរីកចម្រើន គឺជាសង្គមមានលំហព័ត៌មានសុវត្ថិភាព ពោលគឺមានចរាចរនូវព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងមានគុណភាព ដែលជាធាតុចាំបាច់សម្រាប់គាំទ្រដល់ប្រជាជន យកជាមូលដ្ឋាន ក្នុងការធ្វើការសម្រេចចិត្តសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃ។

ជាពិសេស ព័ត៌មានក្លែងក្លាយបានបង្កផលវិបាកដូចជា ការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាជនខាតបង់ពេលវេលា-ថវិកា ឬធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ ប៉ះពាល់ដល់ឯកជនភាព ឬអាចបង្កព្យសនកម្មផ្សេងៗ និងអាចប៉ះពាល់អាយុជីវិតទៀតផង។ ជាងនេះទៀត គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយអាចបង្កឲ្យមាន ការរើសអើង បង្កអរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់ ការធានាសណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព និងសន្តិសុខជាតិផងដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មានបន្តថា ជាការពិត អ្នកបង្កើតមាតិកាលើបណ្តាញទំនាក់ទំនងសង្គម និងអ្នករកប្រាក់តាមអនឡាញមួយចំនួន (MMO) បានដើរប្រាសចាសពីគន្លងនៃសីលធម៌សង្គម និងក្រមសីលធម៌សម្រាប់ការផ្សព្វផ្សាយ និងការប្រាស្រ័យទាក់ទងគ្នាជាសាធារណៈលើបណ្តាញទំនាក់ទំនងសង្គម នោះគឺដោយសារតែមហិច្ឆតាក្នុងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬស្វែងរកប្រជាប្រិយភាពសម្រាប់ខ្លួនឯង ហើយពួកគេបែរជាភ្លេចខ្លួនទៅបំពានក្រមសីលធម៌សង្គម លក្ខខណ្ឌនិងសីលធម៌ក្នុងការការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្សាយនិងចែកចាយព័ត៌មាន។

លោក ទេព អស្នារិទ្ធ បានបន្ថែមថា កន្លងមក ក្រសួងព័ត៌មាន តែងតែដាស់តឿនដល់អ្នកបង្កើតមាតិកា លើបណ្តាញទំនាក់ទំនងសង្គម និងអ្នករកប្រាក់តាមអនឡាញទាំងឡាយ ឱ្យគោរពក្រមសីលធម៌សម្រាប់ការផ្សាយ ចែកចាយព័ត៌មាន ក៏ដូចជាសម្រាប់ការប្រាស្រ័យទាក់ទងគ្នាជាសាធារណៈលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីចូលរួមធានាការផ្តល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ មានគុណភាព រួមចំណែកប្រឆាំងព័ត៌មានក្លែងក្លាយ។ លើសពីនេះ ក្រសួងព័ត៌មាន បានណែនាំអំពីផលវិបាកនៃការផ្សព្វផ្សាយ បំពានក្រមសីលធម៌ រាប់បញ្ចូលការចែករំលែក ព័ត៌មានតាមបណ្តាញសង្គម ដោយបង្ហាញរូបភាពសោកនាដកម្មផ្សេងៗ រូបអាសអាភាស រូបបង្ហាញភាពឃោរឃៅ សកម្មភាពហិង្សា យ៉ាងចំហរស្រស់ៗដោយមិនមានបិទបាំងត្រឹមត្រូវតាមបទដ្ឋានវិជ្ជាជីវៈក្នុងការផ្សាយព័ត៌មាន ឬប្រភេទរូបភាពផ្សេងទៀតដែលប៉ះពាល់ដល់ការថែរក្សាសាសនា វប្បធម៌ ប្រពៃណីល្អរបស់ជាតិ ដល់សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម និងប៉ះពាល់ដល់សិទ្ធិឯកជនភាព សិទ្ធិនិងតម្លៃរបស់អ្នកដទៃ។

ក្រោមការដឹកនាំរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រសួងព័ត៌មានបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន សន្តិសុខព័ត៌មានក្នុងសង្គមកម្ពុជា ដោយធានាការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងមានសុវត្ថិភាព ដើម្បីរួមចំណែកពង្រឹងសន្តិសុខ និងស្ថិរភាពជាតិ។

ក្រសួងព័ត៌មាន នឹងរៀបចំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបន្សាបព័ត៌មានក្លែងក្លាយ ពីក្នុងលំហព័ត៌មានក្នុងប្រទេសកម្ពុជា ព្រមទាំងផ្តោតលើការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋ ដោយបង្កើនការយល់ដឹងអំពីហេតុប៉ះពាល់និងផលវិបាកនៃព័ត៌មានក្លែងក្លាយ ព្រមទាំងផ្សព្វផ្សាយ និងឃោសនាក្នុងស្រទាប់មហាជនទូទៅជាសាធារណៈ អំពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ របៀបប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មានលើប្រព័ន្ធឌីជីថលជាដើម។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួង ព័ត៌មាន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលព័ត៌មាន ឬអ្នកប្រើប្រាស់លើបណ្តាញសង្គមទាំងអស់ ឱ្យចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មានដែលខ្លួនបានទទួលឱ្យបានម៉ត់ចត់ជាមុនសិន មុននឹងសម្រេចចិត្តចែករំលែក ឬផ្សព្វផ្សាយបន្ត ជាពិសេសប្រភពនៃព័ត៌មានដើម្បីធានាភាពទំនុកចិត្ត៕