(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Jacques PELLET (ហ្សាក់ ប៉ឺឡេ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្តល់ភ្លើងបូជាសព លោកសាស្ត្រាចារ្យ ហ្រ្វង់ស័រ ហ្ស៉ាវីយ៉េរូ (François Xavier-ROUX) ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាស្ត្រាចារ្យប្រឹក្សា និងផ្តល់យោបល់ជាន់ខ្ពស់ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០០៖៥៥នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

លោកសាស្រ្តាចារ្យរដ្ឋមន្ត្រីបានបញ្ជាក់ថា «មរណភាពរបស់លោកសាស្ត្រាចារ្យ ហ្រ្វង់ស្វ័រ ហ្សាវីយ៉េរូ បានធ្វើឱ្យយើងទាំងអស់គ្នាបាត់បង់នូវធនធានមនុស្សដ៏មានស្នាដៃ និងកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូប ជាសាស្ត្រាចារ្យផ្តល់ប្រឹក្សាជាន់ខ្ពស់ និងពិគ្រោះយោបល់ ជាព្រឹទ្ធាចារ្យ ដែលជានិច្ចកាល ធ្លាប់តែបានចូលរួមផ្តល់អនុសាសន៍ណែនាំ ផ្តល់ការបង្ហាត់បង្រៀន លើកិច្ចការស្មុគស្មាញជាដើម»។

លោកសាស្ត្រាចារ្យបានបន្តថា «លោកសាស្ត្រា ហ្រ្វង់ស័រ ហ្ស៉ាវីយ៉េរូ បានលាចាកលោកយើងនេះទៅមែន ប៉ុន្ដែកេរ្តិ៍ឈ្មោះ និងអត្ដចរិកសុភាពរាបសារ ស្លូតបូត ការងារនិងបទពិសោធន៍ល្អៗរបស់លោក បានបន្សល់ទុកឱ្យយើងទាំងអស់គ្នា នូវចំណងអនុស្សាវរីយ៍រាប់មិនអស់ ដែលទៅថ្ងៃមុខយើងទាំងអស់គ្នា ចងចាំពុំអាចបំភេ្លចបានឡើយ និងសូមឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធរបស់លោកសាស្ត្រាចារ្យ ហ្រ្វង់ស្វ័រ ហ្សាវីយ៉េរូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»

សូមបញ្ជាក់ថា លោកសាស្ត្រាចារ្យ ហ្រ្វង់ស័រ ហ្សាវីយ៉េរូ កើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៥១ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ នៅឆ្នាំ១៩៨៦ លោកបានក្លាយជាវេជ្ជបណ្ឌិតឯកទេសជំនាញវះកាត់ប្រព័ន្ធប្រសាទ ដែលទទួលបានងារជាសាស្ត្រាចារ្យមហាបរិញ្ញា វ័យក្មេងបំផុតនៅប្រទេសបារាំង ដោយមានអាយុត្រឹម ៣៥ឆ្នាំ។

លោកសាស្ត្រាចារ្យធ្លាប់បានចូលរួមបង្កើតសកម្មភាពសប្បុរសធម៌ល្បីល្បាញជាច្រើន ដែលមានដូចជាអង្គការ Médecins Du Monde អង្គការ Chaine de l’Espoir និងក្រសួងសុខាភិបាលបារាំង ដើម្បីជួយសង្គ្រោះអ្នកជំងឺនៅតាមបណ្តាប្រទេសអាហ្គានីស្ថាន ប៉ាគីស្ថាន ប៊ូគីណាហ្វាសូ ជីប៊ូទី ជប៉ុន ភូមា វៀតណាម កម្ពុជា ចិន ប៉ាឡេស្ទីន កុងហ្គោ ហៃទី ស៊ូម៉ាត្រា ជាដើម។

ស្នាដៃដែលមានតម្លៃមិនអាចកាត់ថ្លៃបានរបស់លោកសាស្ត្រាចារ្យ ហ្រ្វង់ស័រ ហ្សាវីយ៉េរូ ជូនដល់ប្រជាពលរដ្ឋកម្ពុជានោះ គឺការចូលរួមកៀរគរឧបត្ថម្ភថវិកា និងសម្ភារៈនានាពីអង្គការ La Chaine de l`espoir ដើម្បីជួយមន្ទីរពេទ្យកាល់ម៉ែត សម្រេចបាននូវការសាងសង់អគារមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទ ដែលជាអគារប្រវត្តិសាស្ត្រទី១នៅកម្ពុជា ព្រមទាំងផ្តល់ការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញវះកាត់ប្រព័ន្ធប្រសាទនៅកម្ពុជា ឱ្យកាន់តែមានសមត្ថភាពខ្ពស់។

តាមរយៈការសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាល ដែលជាសកម្មភាពប្រកបដោយមេត្តាធម៌ និងសេចក្តីស្រឡាញ់ចំពោះអ្នកជំងឺគ្រប់ជាតិសាសន៍ ជាសម្រាប់ពិសេសប្រជាពលរដ្ឋកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ លោកសាស្ត្រាចារ្យ ត្រូវព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម៕