(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីនៃការអនុវត្តការងារគណនេយ្យសម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល» ជូនសិក្ខាកាមគោលដៅចំនួន៤៥នាក់ ជាមន្ត្រីអនុវត្តការងារគណនេយ្យមកពីគ្រឹះស្ថានសាធារណៈរដ្ឋបាល សម្រាប់ចូលរួមចំណែកគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំ របស់លោកបណ្ឌិត សឹង រេត អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ កសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីថ្នាក់ដឹកនាំវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានរតនាគារជាតិ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និង សិក្ខាកាម។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត សឹង រេត បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាអាទិភាពខ្ពស់នៃគ្រប់ក្របខ័ណ្ឌគោលនយោបាយជាតិ ដើម្បីជំរុញសម្ទុះ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង ការបង្កើនភាពធន់នឹងការប្រែប្រួលដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា និង បរិបទទីផ្សារការងារ ព្រមទាំងឆ្លើយតបនឹងក្តីរំពឹងដ៏ខ្ពស់របស់ប្រជាពលរដ្ឋ ក្នុងការទទួលបានការងារល្អ សមរម្យ សម្រាប់ជួយលើកកម្ពស់កម្រិតជីវភាព ជាមួយនឹងគោលបំណងរយៈពេលវែង ក្នុងការសម្រេចមហិច្ឆតា ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត។

ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងបានយកចិត្តទុកដាក់ជានិច្ចលើការងារកសាង និងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ក្នុងការខិតខំដើម្បីក្លាយទៅជា ស្ថាប័ននៃឧត្តមភាព លើការងារគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដោយត្រូវអនុលោមតាមអភិក្រមចំនួន៤គឺ​៖ ជ្រើសរើសត្រូវ បណ្តុះបណ្តាលត្រូវ ប្រើប្រាស់ត្រូវ និងទុកដាក់ត្រូវ និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ស្ដីពីការកសាងនិងការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាល និងវិក្រឹតការសមត្ថភាព ជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ របស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល។

លោកបណ្ឌិត អនុរដ្ឋលេខាធិការ បានបន្តថា ការបណ្តុះបណ្តាលស្តីពី នីតិវិធីនៃការអនុវត្តការងារគណនេយ្យ សម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល នៅពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលដៅរួមចំណែកបន្តអភិវឌ្ឍសមត្ថភាពមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ពិសេសលើជំនាញគណនេយ្យសាធារណៈ ស្របពេលដែលការងារនេះ កំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់ ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយនឹងលិខិតបទដ្ឋានគតិយុត្តថ្មីៗដែលត្រូវបានដាក់អនុវត្តជាបន្តបន្ទាប់។

ផ្អែកតាមស្មារតីនៃច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ ត្រង់មាត្រា១៤ និង អនុក្រឹត្យលេខ៤៥ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ, នៅពេលខាងមុខ ការបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាព លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងត្រូវក្លាយជាកាតព្វកិច្ចចំពោះមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ដើម្បីធានាប្រសិទ្ធភាព តម្លាភាព សង្គតិភាព គណនេយ្យភាព និងផលិតភាព ក្នុងការបំពេញមុខងារភារកិច្ចជូនអង្គភាពរបស់ខ្លួន។

ទន្ទឹមនេះ ក្នុងបរិការណ៍ឈានឡើង នៃបច្ចេកវិទ្យាព័ត៌មាន ដែលរាជរដ្ឋាភិបាល បានដាក់ឲ្យប្រើជាផ្លូវការ នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅតាមក្រសួងស្ថាប័ន ដើម្បីជំរុញតម្លាភាព ប្រសិទ្ធភាព សង្គតិភាព ភាពត្រឹមត្រូវ និងភាពទាន់ពេលនៃព័ត៌មាន និងទិន្នន័យហិរញ្ញវត្ថុ សម្រាប់វិភាគ ព្យាករ និងសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយ, ក្រសួង ស្ថាប័ន និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ចាំបាច់ត្រូវបន្តពង្រឹងពង្រីកសមត្ថភាពបន្ថែមទៀតដល់មន្ត្រីរបស់ខ្លួន លើជំនាញពាក់ព័ន្ធនឹងការប្រើប្រព័ន្ធ FMIS ដើម្បីអាចបត់បែនបានទាន់ពេល ស្របទៅនឹងការប្រែប្រួលនៃតម្រូវការធនធានមនុស្ស។

ព្រោះថា ប្រព័ន្ធ FMIS គឺជាឧបករណ៍ស្នូលសម្រាប់ធានាការសម្រេចជោគជ័យ នៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស ការគ្រប់គ្រង ការរៀបចំ ការអនុវត្ត ការតាមដាន និងការត្រួតពិនិត្យ លើការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ព្រមទាំងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ នៅក្នុងនោះ មុខងារអនុវត្តគណនេយ្យសាធារណៈ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធ FMIS នេះផងដែរ៕