(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការក្រោមឱវាទក្រសួងជាច្រេីននាក់។

យុទ្ធនាការធ្វើតេស្តរកសារធាតុញៀននៅក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានរៀបចំឡើងដើម្បីចូលរួមអនុវត្តនូវបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំលេខ០០១ សណន.អ.ជ.ប.គ.ញ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានដាក់ចេញឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀនខុសច្បាប់។

យុទ្ធនាការនេះត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ ១២ ខែកក្កដា ឆ្នាំ២០២៤ ដែលនឹងត្រូវអនុវត្តការធ្វើតេស្តជាទូទៅ ចាប់ពីបុគ្គលិកជាប់កិច្ចសន្យា មន្រ្តីរាជការ រហូតដល់ថ្នាក់ដឹកនាំក្រសួងទាំងអស់៕