(ត្បូងឃ្មុំ)៖ រយៈពេលចំនួន០៥ថ្ងៃ ពីថ្ងៃ០៥ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំ និងបែងចែកកម្លាំង ចុះផ្សព្វផ្សាយដល់សិស្សានុសិស្សជាង៨៣០០នាក់ នៅវិទ្យាល័យចំនួន០៨ ក្នុងក្រុង-ស្រុកទាំង៧ លើប្រធានបទស្តីពី «យើងរួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង»។

ពាក់ព័ន្ធនឹងកិច្ចការងារនេះ មានការចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង-ស្រុកទាំង៧ កងកម្លាំងទាំងបីប្រភេទ មេឃុំ នាយក-នាយករង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យចំនួន០៨  សរុបសិស្សានុសិស្ស ចូលរួមចំនួន៨៣៧២នាក់ (ស្រី៥៤២៤នាក់)។

លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានបញ្ជាក់ឲ្យដឹងថា ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំចង្អុលបង្ហាញឲ្យកម្លាំងអាវុធហត្ថខេត្ត សហការជាមួយអ្នកពាក់ព័ន្ធ ចុះផ្សព្វផ្សាយបញ្ជ្រាបបន្ថែមដើម្បីឲ្យសិស្សានុសិស្សបានជ្រួតជ្រាបកាន់តែច្បាស់ពាក់ព័ន្ធរឿងទាំងនេះ។

លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានគូសបញ្ជាក់ថា ក្នុងការចុះផ្សព្វផ្សាយមានគោលបំណងចំនួន០៧ចំនុច បង្ហាញដល់ក្នុងសាលា ឲ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពាក់ព័ន្ធនឹង៖

១៖ ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនក្នុងសង្គម
២៖ ផលប៉ះពាល់របស់ក្មេងទំនើង
៣៖ ផលប៉ះពាល់ នៃការប្រើប្រាស់បារីអេឡិចត្រូនិក (វេប)។
៤៖ បញ្ហាអំពី បរិស្ថាន
៥៖ អំពីច្បាប់ចរាចរណ៍
៦៖ បញ្ហាល្បែងស៊ីសង (លេងបៀរ អាប៉ោង ជល់មាន់ និងតាមអនឡាញ)
៧៖ និងជាពិសេសការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ក្រោមការដឹកនាំរបស់សម្តេចធិបតី។

ក្នុងឱកាសការផ្សព្វផ្សាយតម្រង់ទិសនេះដែរ តាមរយៈលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ សៅ សុខា នូវថវិកាចំនួន ២៥,០០០,០០០រៀល ក្នុងការជួយឧបត្ថម្ភលើការសាងសង់បន្ទប់ទឹក ចំនួន០៦បន្ទប់ ទិញធុងសំរាម និងដាំដើមឈើ ក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដារ និងនៅតាមវិទ្យាល័យទាំង០៧ទៀតផងដែរ៕