(ភ្នំពេញ)៖ នៅក្នុងឱកាសទិវាបុណ្យជាតិបារាំង ១៤កក្កដា នៅឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារអបអរសាទរ និងជូនពរ លោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង។

ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចមានក្តីសោមន្សរីករាយ គោរពជូន លោក Gérard Larcher នូវការអបអរសាទរយ៉ាងកក់ក្តៅ ក្នុងឱកាសនៃទិវាបុណ្យជាតិបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ។

សម្តេចបានបន្តថា៖ «ការប្រារព្ធពិធីបង្រួបបង្រួមជាតិរបស់បារាំង បានដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាដែលទទួលបាននូវការគាំទ្រយ៉ាងមុតមាំ នៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១ ដែលបានអនុញ្ញាតឱ្យចាប់ផ្តើមធ្វើ ដំណើរលើផ្លូវឆ្ពោះទៅរកការបង្រួបបង្រួមជាតិរបស់ខ្លួន»។

សម្តេចនៅចងចាំអនុស្សាវរីយ៍ដ៏ល្អដែលបានជួបនិងផ្លាស់ប្តូរយោបល់ជាមួយលោកប្រធានព្រឹទ្ធសភាបារាំង នៅលើវេទិកាប្រធានាធិបតីនៃពិធីដង្ហែក្បួនព្យុហយាត្រាដ៏អស្ចារ្យ នាទិវាបុណ្យជាតិ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប៉ារីស។

សម្តេចក៏បានសម្តែងនូវក្តីសង្ឃឹមយ៉ាងកក់ក្តៅចំពោះជោគជ័យដ៏ធំធេងសម្រាប់ព្រឹទ្ធសភាបារាំង និង សម្រាប់ប្រទេសបារាំង ព្រមទាំងសម្តែងនូវអំណរគុណ និងការពេញចិត្តជាខ្លាំងរបស់សម្តេច ចំពោះ កិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភារបស់ប្រទេសទាំងពីរ៕