(ក្រចេះ)៖ ស្ពានអូរគគី ដែលស្ថិតនៅក្នុងភូមិរលួស ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ត្រូវបានកសាងរួចរាល់ ក្នុងរយៈពេល១២ថ្ងៃប៉ុណ្ណោះ ដោយសារកម្លាំងសហការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។

តំណាងក្រុមយុវជន ស.ស.យក បានឲ្យដឹងថា ស្ពានមួយនេះ គឺបានដំណើរការកសាងដោយរួចរាល់ជាស្ថាពរ ក្នុងរយៈពេលថ្ងៃ១២ប៉ុណ្ណោះ ដោយប្រើប្រាស់ឈើអស់ប៉ុន្មានជាង៣០ម៉ែត្រគូប និងថវិកាបានមកពីការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ ស្ពាននេះក៏បានចាប់ផ្ដើមដំណើរការ បើកឲ្យប្រជាពលរដ្ឋប្រើប្រាស់ឆ្លងកាត់ទៅមកសម្រួលការចរាចរណ៍ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ បានប្រើប្រាស់បណ្ដោះអាសន្នមួយរយៈពេល ដើម្បីបញ្ជៀសបានពីបញ្ហាគ្រោះ ថ្នាក់ប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ដោយសារបញ្ហាទឹកអូជន់ម្ដងៗ នៅពេលមានភ្លៀងធ្លាក់ ។

តំណាងប្រជាពលរដ្ឋ ដែលបានចូលរួមនៅក្នុងពិធីសូត្រមន្ត និងប្រោសព្រំ ក្នុងការបើកឲ្យដំណើរការចរាចរណ៍ឆ្លងកាត់ស្ពាននេះ បាននូវព្រឹកមិញនេះ បានសម្ដែងការរំភើបរីករាយយ៉ាងខ្លាំង ដោយសាររយៈពេល ជាច្រើនឆ្នាំមកហើយ នៅពេលដែលពួកគាត់ធ្វើដំណើរ ឆ្លងកាត់អូរគគីនេះ មានផលលំបាកយ៉ាងខ្លាំង មិនអាចបើករថយន្តឆ្លងកាត់បាន ហើយក៏ធ្លាប់មានបញ្ហាប្រឈម នៅពេលដែលមានទឹកភ្លៀងធ្លាក់ ជនឡើង អាចបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះ ជាបន្តបន្ទាប់ផងដែរ ជាពិសេសស្ត្រីមានផ្ទៃពោះ ដែលត្រូវធ្វើដំណើរទៅកាន់មន្ទីរពេទ្យ នៅពេលយប់ ហើយមានភ្លៀងធ្លាក់ទឹកហូរជនឡើង មិនអាចធ្វើដំណើរទៅបាន។

លោក ឆេង តាំងអ៊រ សមាជិកក្រុមប្រឹក្សាស្រុកអូរគ្រៀងសែនជ័យ បានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលបានចូលរួមគ្នាទាំងថវិកា និងកម្លាំងកាយចិត្ត ក្នុងការកសាងស្ពានឈើតូចមួយនេះ ដើម្បីឲ្យបានប្រើប្រាស់ជាបណ្ដោះអាសន្ន នៅក្នុងរដូវវស្សានេះ។

ប្រជាពលរដ្ឋ ក៏បានស្នើសុំដល់ថ្នាក់ដឹកនាំ ដើម្បីជួយសម្រួល និងធ្វើស្ពានបាឡេសម្រាប់ប្រើប្រាស់នៅពេលខាងមុខទៀត ដើម្បីអាចសម្រួលការធ្វើចរាចរណ៍របស់ពលរដ្ឋ ទៅកាន់បណ្ដាភូមិឧបសម្ព័ន្ធចំនួន៧ ភូមិផ្សេងទៀត នៅតាមកំណត់ផ្លូវលំមួយខ្សែនេះ៕