(ឧត្តរមានជ័យ)៖ ប្រឡាយមេចុងកាល់ ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ប្រវែង១២៦០ម៉ែត្រ ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ស្តារឡើងវិញ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះដំណាំស្រូវ និងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ នៅពេលជួបប្រទះគ្រោះរាំងស្ងួត។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ថា ដោយអនុវត្តតាមការណែនាំពីលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ តែងធ្វើសកម្មភាពថែទាំប្រចាំ នូវប្រឡាយទឹក ក៏ដូចជាអាងទឹកផ្សេងៗនៅក្នុងខេត្ត ដើម្បីរក្សាទឹកទុកប្រើប្រាស់នៅរដូវប្រាំង។

លោកប្រធានមន្ទីរថ្លែងបញ្ជាក់ទៀតថា ជាក់ស្តែងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះស្តារប្រឡាយមេចុងកាល់ ចំនួន ០១ខ្សែ ប្រវែង១,២៦០ម៉ែត្រ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះនៅពេលជួបប្រទះគ្រោះរាំងស្ងួត សម្រាប់ស្រោចស្រពដំណាំស្រូវ និងទឹកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅឃុំចុងកាល់ ស្រុកចុងកាល់។

លោក ញឺន កួន បានថ្លែងបញ្ជាក់ទៀតថា ប្រឡាយមេចុងកាល់ដែលកំពុងស្តារនាពេលនេះ គឺជាប្រឡាយចាស់ដែលមានស្ថានភាពរាក់ ដូច្នេះទើបមន្ទីរធ្វើការស្តារឡើងវិញ ដើម្បីអូសទឹកពីស្ទឹងស្រែងទី១ សម្រាប់យកមកផ្គត់ផ្គង់ អាងទឹកចុងកាល់។

លោកថា ក្នុងករណីខ្វះទឹកនៅរដូវប្រាំង និងចុងរដូវវស្សា គឺយើងអាបូមបន្តគ្នាដើម្បីទម្លាក់មកអាងទឹកចុងកាល់ ដូច្នេះយើងអាចបើកទ្វារទឹកសម្រាប់ចែកចាយ ហើយអាងទឹកចុងកាល់នេះមិនមែនតែសម្រាប់ស្រោចស្រពដំណាំនោះទេ គឺសម្រាប់ផ្គត់ផ្គង់ទឹកឆៅសម្រាប់ផលិតទឹកស្អាតក្នុងទីប្រជុំជនស្រុកចុងកាល់ថែមទៀតផង។

លោកប្រធានមន្ទីរថ្លែងបញ្ជាក់ថា អាងទឹកចុងកាល់នេះមានលទ្ធភាពស្រោចស្រពស្រូវប្រាំងបានចំនួន៣៩៣ហិកតា ស្រូវវស្សាចំនួ ១៣០០ហិកតា និងដំណាំរួមផ្សំចំនួន១៨ហិកតាផងដែរ ​លោកថា​ ប្រឡាយមេចុងកាល់នេះមិនមែន សម្រាប់ស្រោចស្រពនោះទេ ប៉ុន្តែប្រឡាយនេះមានសារៈសំខាន់ណាស់សម្រាប់បូមបញ្ជូនទឹកឱ្យអាងទឹកចុងកាល់៕