(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ស្អែកនេះ នៅសាលាខេត្តត្បូងឃ្មុំ អភិសន្តិបណ្ដិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញប្រកាស លោក ប៉ែន កុសល្យ ឲ្យចូលកាន់តំណែង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាផ្លូវការ។

នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ប៉ែន កុសល្យ និងលោកស្រី និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រួមទាំងថ្នាក់ដឹកនាំខេត្ត អញ្ជើញអុជធូប បួងសួងដល់ទេវតា ម្ចាស់ទឹកម្ចាស់ដី និងវត្ថុស័ក្តសិទ្ធទាំងឡាយទាំងពួង តាមឃុំគ្រង ថែរក្សា មន្ត្រីរាជការ និងពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ឲ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន។

លោក និងលោកស្រី បាននិមន្តព្រះសង្ឃសូត្រមន្ត ប្រោះព្រំសិរីសួស្តី ជ័យមង្គល ក្នុងគេហដ្ឋានដែលរដ្ឋបាលខេត្តត្បូងឃ្មុំសាងសង់សម្រាប់ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តត្បូងឃ្មុំ ស្នាក់នៅក្នុងអំឡុងពេលបំពេញការងារ ក្នុងអាណត្តិ នៅបរិវេណសាលាខេត្តត្បូងឃ្មុំផងដែរ។

សូមជម្រាបថា តាមរយៈព្រះរាជក្រឹត្យព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំង លោក ប៉ែន កុសល្យ អតីតអភិបាលខេត្តឧត្តរមានជ័យ មកជាអភិបាលខេត្តត្បូងឃ្មុំ ដែលត្រូវប្រកាសចូលកាន់តំណែង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ខណៈលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អតីតអភិបាលខេត្តត្បូងឃ្មុំ បានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តកំពង់ស្ពឺ រួចរាល់ផងដែរ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ៕