(បរទេស)៖ បន្ទាប់ពីមានការលើកឡើង និងការបង្ហាញពីក្ដីព្រួយបារម្ភជាខ្លាំងទៅលើការឃ្លាំមើលទាក់ទាក់នឹងឯកជនភាព (មើលសារ ឬរូបភាព) របស់អ្នកប្រើប្រាស់។ ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីផ្ញើសារលើពិភពលោក បាននាំគ្នាបញ្ចូលនូវបច្ចេកវិទ្យាមួយដែលមានឈ្មោះថា End-to-end encryption ឬ E2EE។

តើ End-to-end encryption ឬ E2EE គឺជាអ្វី ហើយវាដំណើរការយ៉ាងដូចម្ដេច?

E2EE គឺជាវិធីសាស្រ្តមួយដែលត្រូវបានគេប្រើដើម្បីរក្សាសុវត្ថិភាពការហៅទូរស័ព្ទ ឬសាររបស់អ្នកប្រើប្រាស់នៅលើកម្មវិធី Chat ណាមួយ ដោយមិនអនុញ្ញាតឱ្យភាគីទី៣ អាចលួចស្ដាប់ការសន្ទនា ឬអានសារបានឡើយ ក្នុងនោះសូម្បីតែអ្នកផលិតកម្មវិធីនោះដោយផ្ទាល់ក៏មិនអាចចូលទៅស្ដាប់ និងអានសារបានផងដែរ។ និយាយជារួម នៅពេលដែលលោកអ្នកផ្ញើសារទៅឱ្យនរណាម្នាក់ នោះ E2EE វានឹងធ្វើការបំប្លែងសារនោះចេញជាកូដសម្ងាត់ ដែលមិនអាចមាននរណាស្ដាប់ ឬអានបានឡើយ ពោលគឺមានតែអ្នកទទួលសារនោះប៉ុណ្ណោះដែលអាចស្ដាប់ ឬអានសារនោះបាន។

End-to-end encryption គឺបង្កើតឡើងក្នុងគោលបំណងការពារទិន្នន័យពីលួចអាន ឬកែប្រែដោយសម្ងាត់ ក្រៅពីអ្នកផ្ញើ និងអ្នកទទួលពិតប្រាកដ។ សារត្រូវបាន encrypted ដោយអ្នកផ្ញើ ខណៈដែលភាគីទីបី ឬនរណាម្នាក់ មិនមានមធ្យោបាយដើម្បី Decrypt សារនោះបានទេ ដោយវារក្សាទុកនូវសារនោះជា encrypted រហូតទាល់តែសារនោះ បានទៅដល់ដៃអ្នកកទទួល ទើបវាធ្វើការ Decrypt ខ្លួនឯង សូម្បីតែក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធើណេត (ISP) ក៏មិនអាចលួចស្ដាប់ និងអានសារបានដែរ។

End-to-end encryption ធ្វើការងារនៅក្នុង ៣ដំណាក់កាល ដូចខាងក្រោម៖

១) Encryption៖ រាល់សាររបស់លោកអ្នក ត្រូវបានបំប្លែងទៅជាលេខកូដសម្ងាត់មួយ ដែលបំប្លែកនៅមុនពេលផ្ញើសារចេញ ហើយគ្មានជនណាម្នាក់អាចបំប្លែកកូដសម្ងាត់នោះបានទេ ក្រៅពីអ្នកទទួល។

២) Transmission៖ នៅពេលសារត្រូវបានបំប្លែងទៅជាកូដសម្ងាត់រួចរាល់ហើយ វានឹងផ្ញើចេញដោយឆ្លងកាត់អ៉ិនធើណេត។ គ្រប់ក្រុមហ៊ុនផ្ដល់សេវាកម្មអ៉ិនធើណេតទាំងអស់ មិនអាចធ្វើការបំប្លែងសារនោះ ទៅជាសារធម្មតាដើម្បីស្ដាប់ ឬអានបានឡើយ ពោលគឺមានសិទ្ធិត្រឹមតែបញ្ចូនសារនោះទៅកាន់អ្នកទទួល ។

៣) Decryption៖ មានតែឧបករណ៍របស់អ្នកទទួលប៉ុណ្ណោះ ដែលមានកូដ Decryption ត្រូវគ្នានឹងកូដ Encryption ដែលបានបំប្លែងសារនៅពេលមុនផ្ញើ។ នៅពេលដែលវាធ្វើការផ្ទៀតផ្ទាត់ឃើញថា ត្រូវគ្នាហើយ ទើបវាបើកសោរអនុញ្ញាតឱ្យអ្នកទទួលអាចស្ដាប់ ឬអានសារបាន។
ចំណុចនេះវាប្រៀបបានដូចជា ការផ្ញើទំនិញអីចឹងដែរ នៅមុនពេលអ្នកដឹកទំនិញប្រគល់ឱ្យអ្នកទទួល គឺពួកគេត្រូវសួរបញ្ជាក់អំពីព័ត៌មានមួយចំនួនដូចជា ឈ្មោះ, លេខទូរស័ព្ទ, ប្រភពទំនិញ, តម្លៃ ជាដើម ហើយនៅពេលអ្នកទទួលបានឆ្លើយត្រូវ នោះពួកគេនឹងប្រគល់ទំនិញជូនតែម្ដង។

ការប្រើប្រាស់បច្ចេកវិទ្យានេះគឺវាបានបង្កើននូវទំនុកចិត្តខ្ពស់បំផុតដល់អ្នកប្រើប្រាស់ ដោយសារសូម្បីតែក្រុមហ៊ុនផ្ទាល់ ឬអ្នកអភវិឌ្ឍន៍កម្មវិធី Chat នោះដោយផ្ទាល់ ក៏មិនអាចធ្វើការបំបែកទិន្នន័យសារនោះ ព្រមទាំងបញ្ជូនវាទៅឱ្យអង្គភាព ឬអាជ្ញាធរណាមួយបានឡើយ។

បច្ចុប្បន្ននេះ កម្មវិធីផ្ញើសារល្បីៗមួយចំនួនដូចជា WhatsApp, Telegram, Facebook Messenger, Signal, iMessage និង Viber សុទ្ធតែបានប្រើប្រាស់មុខងរា End-to-end encryption ក្នុងនោះក៏មាន CoolApp ដែលបង្កើតឡើងដោយកូនខ្មែរ។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp បានលើកឡើងថា «នៅលើពិភពលោកនេះ កម្មវិធីផ្ញើសារ (Chat) ទាំងឡាយណា ដែលមិនបានប្រើប្រាស់ បច្ចេកវិទ្យា End-to-End Encryption ប្រាកដណាស់ នឹងបរាជ័យ ហើយមិនមានមនុស្សប្រើប្រាស់ឡើយ។ ក្នុងនាមស្ថាបនិក និងជាអគ្គនាយក CoolApp លោកសូមធានាអះអាងថា CoolApp ប្រើប្រាស់បច្ចេកវិទ្យា End-to-end encryption 100% គ្មានជនណាម្នាក់អាចមើលសាររបស់យើងឡើយ !»

លោកបានលើកថា នៅពេលចាប់ផ្តើមបង្កើត CoolApp លោកបានដាក់សំណួរសួរខ្លួនឯងថា «បើធ្វើហើយ លោកនិងបុគ្គលិករបស់លោក មិនហ៊ានប្រើផង តើឲ្យលោកធ្វើដើម្បីឲ្យប្រជាពលរដ្ឋ ប្រើពេញប្រទេសម៉េចហ្នឹងបាន !»