(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់បណ្ឌិត Jonathan Choi ប្រធានសភាពាណិជ្ជកម្មទូទៅចិនប្រចាំទីក្រុងហុងកុង (CGCCHK) លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋាន អាស៊ាន ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសហគ្រិនចិនពិភពលោក CGCC ហើយនៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលសហគ្រិនចិនពិភពលោក CGCC។

នៅក្នុងសន្ទរកថា លោកបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់ថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ភាពជាដៃគូអាស៊ាន-ចិនកាន់តែរឹងមាំ និងបានលើកទឹកចិត្តឱ្យ បណ្តាសហគ្រិនចិន ចូលរួមជាមួយអាស៊ាន ក្នុងការរៀបចំទំព័រថ្មីដ៏រំភើបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញនវានុវត្តន៍ និងទទួលយកនូវឌីជីថលនីយកម្ម។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក John Lee នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្លារបស់អាស៊ាន និងហុងកុង ក្នុងការតម្លើងកម្រិតទំនាក់ទំនងសេដ្ឋកិច្ច និងប្រជាជន និងប្រជាជន តាមរយៈកិច្ចសហការ និងការចូលរួមកាន់តែប្រសើរនៅក្នុងវិស័យកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដូចជា ឌីជីថលនីយកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព ទេសចរណ៍ ការអប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

អគ្គលេខាធិការអាស៊ាន ក៏បានពិភាក្សាការងារជាមួយ លោក Sun Yu អនុប្រធាន និងជានាយកប្រតិបត្តិធនាគារ Bank of China ប្រចាំទីក្រុងហុងកុង។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីគំនិតផ្តួចផ្តើមនានា ផ្នែកហិរញ្ញវត្ថុអាស៊ាន ស្តីពីឌីជីថលនីយកម្ម បរិយាប័្នន និងនិរន្តភាពផ្នែកហិរញ្ញវត្ថុ ព្រមទាំង រិះរកកិច្ចសហការលើវិស័យដែលអាចធ្វើទៅបាន ដើម្បីបង្កើតប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជនទាំងសងខាង។

លោកបណ្ឌិត កៅ គឹមហួន បានពិភាក្សាការងារជាមួយ លោក Christopher Hui លេខាធិការសេវាហិរញ្ញវត្ថុ និងរតនាគារទីក្រុងហុងកុង។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធីដើម្បីពង្រឹងកិច្ចសហការ ក្នុងការធានាបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន ចំពេលដែលឌីជីថលនីយកម្មរីកលូតលាស់យ៉ាងឆាប់រហ័ស។

ដោយឡែកនៅរសៀលថ្ងៃពុធ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានពិភាក្សាការងារជាមួយ លោក Andrew Leung ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិទីក្រុងហុងកុង។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរ ទស្សនៈស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ និងបានពិភាក្សារកវិធីដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច និងប្រជាជន និងប្រជាជន រវាងអាស៊ាន និងហុងកុង។

នៅរសៀលថ្ងៃពុធដដែល បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានពិភាក្សាការងារជាមួយ បណ្ឌិត Ma Jun ប្រធានសមាគមហិរញ្ញវត្ថុបៃតងហុងកុង។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីគំនិតផ្តួចផ្តើម ហិរញ្ញវត្ថុអាស៊ានដែលកំពុងបន្ត ស្តីពីឌីជីថលនីយកម្ម បរិយាប័្នន និងនិរន្តភាពផ្នែកហិរញ្ញវត្ថុ ព្រមទាំងបានរិះរកវិស័យកិច្ចសហការនានាដែលអាចធ្វើទៅបាន។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានពិភាក្សាការងារជាមួយបណ្ឌិត Jonathan Choi ប្រធានសភាពាណិជ្ជកម្មទូទៅចិនប្រចាំទីក្រុងហុងកុង (CGCCHK)។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណ បណ្ឌិត Jonathan Choi ដែលបានអញ្ជើញរូបលោកមកចែករំលែកទស្សនៈ ក្នុងនាមជាវាគ្មិនគន្លឹះ នៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយនេះ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈក្នុងការស្វែងរកឱកាស សហការនាពេលអនាគត រវាងសភាពាណិជ្ជកម្មទូទៅចិន និងលេខាធិការដ្ឋានអាស៊ានផងដែរ៕