(ភ្នំពេញ)៖ កញ្ញា អ៊ុក ស៊ីរីណា យុវតីខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាលំដាប់ពិភពលោក EHL Hospitality Business School បានប្តេជ្ញាត្រៀមនាំចេញជំនាញបដិសណ្ឋារកិច្ចកម្រិតពិភពលោក មកអភិវឌ្ឍវិស័យសេវាកម្មនៅកម្ពុជា ខណៈកម្ពុជាកំពុងត្រូវការធនធានមនុស្ស ដើម្បីពង្រឹងវិស័យសេវាកម្ម។
ស្ថិតក្នុងវ័យ២៣ឆ្នាំ កញ្ញា អ៊ុក ស៊ីរីណា បានចូលរៀនជំនាញឧស្សាហកម្មបដិសណ្ឋារកិច្ច សាកលវិទ្យាល័យ EHL Hospitality Business School កាលពីខែកុម្ភៈ ឆ្នាំ២០២០ និងបានបញ្ចប់ការសិក្សាដោយជោគជ័យ ព្រមទាំងទទួលសញ្ញាបត្រនៅទីក្រុង Lausanne នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
EHL ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកិត្យានុភាពមួយ របស់ប្រទេសស្វីស និងមានភាពល្បីល្បាញ ដោយសារស្តង់ដារនៃសិក្សា មានភាពម៉ត់ចត់ តឹងរឹង និងមានកម្មវិធីសិក្សារបដិសណ្ឋារកិច្ចលំដាប់ពិភពលោក។ មានប្រវត្តិជាង ១២៥ឆ្នាំ EHL ត្រូវបានគេចាត់ទុកថា ជាសាលាផ្តល់ការត្រួសត្រាយការអប់រំផ្នែកបដិសណ្ឋាកិច្ច និងសេវាកម្មល្បីជាមួយគេនៅលើពិភពលោក។ ក្នុងការសិក្សានៅសាកលវិទ្យាល័យមួយនេះ ត្រូវចំណាយការសិក្សាយ៉ាងហោចណាស់ ៥០ម៉ឺនដុល្លារ។
កញ្ញា អ៊ុក ស៊ីរីណា បានឱ្យដឹងថា ការដែលនាងទៅសិក្សាជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ចនៅប្រទេសស្វីស ដោយសារតែចំណង់ចំណូលចិត្ត និងចង់យកជំនាញនេះ មកជួយអភិវឌ្ឍន៍ប្រទេសជាតិ ខណៈបច្ចុប្បន្ននេះ វិស័យនេះកំពុងតែប្រកួតប្រជែងជាមួយប្រទេសជិតខាង។ សមិទ្ធិផលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់នាងទៅកាន់ឧត្តមភាព និងការជំរុញរបស់នាងក្នុងការធ្វើឱ្យមានការសម្គាល់នៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចកម្រិតពិភពលោក។
កញ្ញាបានលើកឡើងថា «សមិទ្ធិផលនេះមិនត្រឹមតែជាជោគជ័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដល់យុវជនកម្ពុជាជាច្រើន ដែលប្រាថ្នាចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យដែលពួកគេជ្រើសរើស»។
ក្រោយទទួលបានសមិទ្ធិផលដ៏អស្ចារ្យនេះ កញ្ញា អ៊ុក ស៊ីរីណា នឹងត្រឡប់មកកម្ពុជាវិញ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកនូវជំនាញ និងទស្សនៈវិស័យពិសេសរបស់នាងមកចូលរួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មបដិសណ្ឋារកិច្ចនៅកម្ពុជា ដែលធ្វើឱ្យមាតុភូមិរបស់នាងមានមោទនភាព និងធ្វើជាគំរូដ៏រឹងមាំសម្រាប់មនុស្សជំនាន់ក្រោយ៕