(សៀមរាប)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន៤គម្រោង ដែលមាន ៣គម្រោងនៅខេត្តបាត់ដំបង និង ១គម្រោង នៅខេត្តសៀមរាប។

គម្រោងទាំង៤នោះរួមមាន៖ គម្រោងទី១៖ ការងារស្ថាបនាផ្លូវចំនួន១ខ្សែ មាន ៣កំណាត់ ប្រវែងសរុប ៣ ៩០០ម៉ែត្រ (កំណាត់ក្រាល DBST ប្រវែង ១ ៩០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ, កំណាត់ក្រាលបេតុងប្រវែង ៤០០ ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកំណាត់ ក្រាលដីល្បាយថ្មភ្នំ ប្រវែង ១ ៦០០ម៉ែត្រ ទទឹង ៩ ម៉ែត្រ) និងសាងសង់លូមូលចំនួន ៧កន្លែង ស្ថិតនៅភូមិឥន្ទជិត ឃុំឈើទាល ស្រុក បាណន់ ខេត្តបាត់ដំបង។

គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយត្រួសចំនួន ១ខ្សែ ប្រវែង ៨ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីភូមិម៉ាខ្លឿ និងភូមិបឹងជុំនាង ឃុំព្រៃខ្ពស់ ទៅភូមិអូរឬស្សី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

គម្រោងទី៣៖ ស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៤ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ពីភូមិក្បាលស្ពាន ភូមិល្វាចាស់ និងភូមិតានី ឃុំល្វា ទៅភូមិក្រពើ សែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង, ផ្លូវទាំងអស់នោះសាងសង់លូ និងដាក់ផ្លាកឈ្មោះផ្លូវផងដែរ។

ចំណែកគម្រោងទី៤៖ ការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៣ ៤០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ មានសាងសង់លូ និងដាក់ផ្លាកឈ្មោះផ្លូវ ស្ថិតនៅភូមិត្រាំកង់ ភូមិធ្លក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប គម្រោងទាំងអស់នេះអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

នាឱកាសនោះលោកបណ្ឌិត នួន ដាញ៉ិល បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងស្ថាបនា របស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះការស្ថាបនា ការស្តារ ការថែទាំ ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គឺជាការវិនិយោគដ៏ចាំបាច់ ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវា សាធារណៈផ្សេងៗជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស ដែលជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់ បន្ថយភាពក្រីករបស់ប្រជាពលរដ្ឋនៅជនបទ។

សូមបញ្ជាក់ថា បន្ទាប់ពីចុះពិនិត្យគម្រោងផ្លូវនិងលូខាងលើរួចលោកបណ្ឌិត នួន ដាញ៉ិល និងក្រុមការងារអន្តរក្រសួង បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីការស្ថាបនាផ្លូវខាងលើ ដោយក្នុងពិធីនោះលោកបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ និងលូក្នុងមូលដ្ឋាន របស់ពួកគាត់ឱ្យបានគង់វង់យូរអង្វែង សម្រាប់ជាប្រយោជន៍សាធារណៈ ជាពិសេសសម្រាប់ពួកគាត់ទាំងអស់គ្នា។

នៅក្នុងពិធីសំណេះសំណាលនេះដែរ លោកបណ្ឌិត នួន ដាញ៉ិល ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារ ទទួលបានក្រម៉ាចំនួន ០១ផងដែរ៕