(ភ្នំពេញ)៖ សន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង សម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» ដោយមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងគម្រោងក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើ អាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ ដែលបានគ្រោងទុក។

ពិធីប្រសិទ្ធនាមឈ្មោះផ្លូវនេះ នឹងត្រូវរៀបចំឡើងក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានចុះពិនិត្យរួចរាល់លោកសន្ដិបណ្ឌិត យូ ស៊ុនឡុង បានសម្រេចជ្រើសរើសយកទីតាំង សម្រាប់រៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង នៅភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្ថិតនៅចំណុចរង្វង់មូល ក្បែរផ្លូវជាតិលេខ៤។

ថ្លែងក្នុងឱកាសចុះពិនិត្យនេះ លោក លឹម ស៊ីដេនីន បានណែនាំឱ្យក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធ ត្រៀមរៀបចំបំពេញភារកិច្ចរបស់ខ្លួននីមួយៗ ឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការ ពិធីប្រសិទ្ធនាមឈ្មោះផ្លូវនាឱកាសនោះ អាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

មហាវិថី ស៊ី ជីនពីង ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រវែង ៤៧,១០គីឡូម៉ែត្រ ក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។

មហាវិថី ស៊ី ជីនពីង ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានលេចចេញជារូបរាងឡើងនៅក្នុងយុគសម័យតេជោសន្តិភាព និងជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ និងយូរអង្វែង៕