(ភ្នំពេញ)៖ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា លើពង្រាងបទដ្ឋានបច្ចេកទេសសំណង់ (Construction Specification)ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធផងដែរ។

កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យ កែសម្រួលខ្លឹមសារ និងដកស្រង់ ផ្ដល់ជាធាតុចូលមួយចំនួននៅក្នុងសេចក្តីព្រាងបទដ្ឋានបច្ចេកទេសសំណង់ ឱ្យកាន់តែមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ ក្នុងការអនុវត្តកិច្ចសន្យានីមួយៗ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស៕