(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយលោកអភិបាលរងខេត្ត តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នងការនរគបាលខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានបន្តចុះជួបជាមួយប្រជាកសិករដែលបានរងផលប៉ះពាល់ដោយសារសត្វល្អិត រុយស និងដង្កូវមូលដើមបំផ្លាញផលដំណាំស្រូវ ស្ថិតនៅតាមបណ្ដាស្រុកចំនួន៤

*ទី១ ស្ថិតនៅក្នុងភូមិអង្គរទ្រេត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
*ទី២ ស្ថិតក្នុង ឃុំស្វាយជ្រុំ,ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង
*ទី៣ ស្ថិតក្នុង ឃុំគោខ្ចក,ឃុំប្រាសាទ,ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
*ទី៤ ស្ថិតក្នុងភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។

លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋាន លោកប្រធានមន្ទីរកសិកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យ និងតាមដានជាប្រចាំចំពោះបញ្ហាសត្វល្អិត រុយស និងដង្កូវមូលដើម សូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញប្រភេទសត្វល្អិតនេះនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

លោកអភិបាលខេត្តបន្តថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំខេត្ត អង្គភាពជំនាញនៃអគ្គនាយកដ្ឋានកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមជាមួយអ្នកពាក់ព័ន្ធនានាបានចុះជួយអន្តរាគមន៍ ដោយបានធ្វើការណែនាំអំពីវិធានការនានាក្នុងការទប់ស្កាត់ និងកកម្ចាត់សត្វល្អិតរុយស ដង្កូវមូរស្លឹកដល់កសិករ និងបានអន្តរាគមន៍បាញ់ថ្នាំទៅលើស្រែកសិករ ព្រមទាំងអនុវត្តម្ចាស់ការដោយកសិករម្ចាស់ស្រែផ្ទាល់លើផ្ទៃដីសរុបចំនួន១៦,៦៥៥ហិកតា ស្មើនឹង៤៤.៣៤%នៃផ្ទៃដីប៉ះពាល់សរុបនៅតាមបណ្តាក្រុង ស្រុកក្នុងខេត្តព្រៃវែង។

បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តព្រៃវែង គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ លើការងារបង្កបង្កើនផលស្រូវរដូវវស្សា អនុវត្តបានលើផ្ទៃដីសរុបចំនួន២៤៣,៣១១ហិកតា ស្មើនឹង៩៧.៣៣% នៃផែនការ២៥០,០០០ហិកតា នៅក្នុងរយៈពេលកន្លងមកដល់ បច្ចុប្បន្ននេះមានការផ្ទុះឡើងនូវពពួកសត្វល្អិតរុយស និងដង្កូវមូរស្លឹកបានស៊ីបំផ្លាញដំណាំស្រូវរបស់កសិករ១ឃុំ រុយស និងដង្កូវមូលស្លឹកបានស៊ីបំផ្លាញលើផ្ទៃដីសរុបចំនួន៣៧,៥៦៣ហិកតា ស្មើនឹង១៥.៤៤% ក្នុងនោះខូចសរុប៣.២០៩ហិកតា ស្មើនឹង១.៣២% នៃផ្ទៃដីដំណាំស្រូវបានដាំដុះសរុប។

នៅចំពោះមុខនេះ ក្រសួងកសិកម្ម រដ្ឋបាលខេត្តព្រៃវែង អង្គភាពជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តតាមដាននូវការបំផ្លាញ និងចុះធ្វើអន្តរាគមន៍វិធានការនានាក្នុងការកម្ចាត់សត្វល្អិតរុយស និងដង្កូវមូរស្លឹកទៅដល់កសិករជាបន្តទៀត។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាលខេត្តព្រៃវែង ក៏បានលើកឡើងអំពីបញ្ហាប្រឈម និងវិធីសាស្ត្របច្ចេកទេសនៃការបាញ់ថ្នាំសម្រាប់ សត្វល្អិតដែលស៊ីបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋ មានដូចជា រុយស និងដង្កូវមូលស្លឹករបស់ជូនប្រជាកសិករពីផងដែរ៕