(ម៉ានីល)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍ អារ៉ាប៊ី សាអូឌីត បានចុះចតបន្ទាន់ នៅឯព្រលានយន្តហោះអន្តរជាតិ Ninoy Aquino នៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការសង្ស័យថា យន្តហោះនេះត្រូវបានចោរប្លន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦។
យ៉ាងណាក៏ដោយសមត្ថកិច្ចនៅព្រលានយន្តហោះហ្វីលីពីន មិនទាន់ធ្វើការបញ្ជាក់នៅឡើយទេ ថាយន្តហោះខាងលើនេះ ត្រូវបានចោរប្លន់មែនឬក៏អត់នោះ។ បន្ថែមពីនេះទៀត សេចក្តីរាយការណ៍ពី មន្ត្រីព្រលានបានឲ្យដឹងថា យន្តហោះ អារ៉ាប៊ី សាអូឌីត បានទាក់ទងមកកាន់ព្រលាន Ninoy Aquino សុំជំនួយ ដោយអះអាងថាពួកគេស្ថិតនៅក្នុង «ការគំរាមកំហែង» ហើយបានស្នើសុំការជួយសង្គ្រោះ ជាបន្ទាន់ដោយផ្តល់សញ្ញាកម្រិតទី ៤ ដែលមានន័យថា អាចមានអំពើប្លន់នៅលើយន្តហោះនោះ។
ទូរទស្សន៍ក្នុងស្រុក ហ្វីលីពីន ក៏បានចេញផ្សាយផងដែរ ដោយបានបង្ហាញនូវកងកម្លាំងសង្គ្រោះ និង រថយន្តមួយចំនួនទៀត បានត្រៀមទុករួចរាល់ភ្លាមៗ បន្ទាប់ពីយន្តហោះបានធ្វើការចុះចតនៅវេលាម៉ោង ៣៖០០នាទីរសៀលថ្ងៃអង្គារនេះ ម៉ោងនៅទីក្រុងម៉ានីល។ រហូតមកដល់ពេលនេះ គេនៅតែបន្តធ្វើការ ទាក់ទងជាមួយនឹងពីឡុតក្នុងយន្តហោះនៅឡើយ។ ព័ត៌មានបន្ថែមនឹងមានការផ្សាយនៅពេលខាងមុខ៕