(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង បានជំរុញឲ្យអាជ្ញាធរក្រុងស្រុកទាំង១៤ ត្រូវទប់ស្កាត់ឲ្យបានគ្រប់បទល្មើសនៅមូលដ្ឋានដែលកើតឡើង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាផ្សេងៗដោយអនុវត្តទៅតាមជាក់ស្តែង និងធ្វើជាប្រចាំពង្រឹងតាមផ្លូវច្បាប់ឲ្យបានរឹងមាំបន្តទៀត។

លោកបានថ្លែងបែបនេះ នៅនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាល ក្រុង ស្រុកទាំង១៤ កងកម្លាំងទាំងបីលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតចូលរួមផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោក ធូ ភា អភិបាលរងខេត្ត ជាអនុប្រធានអចិន្រ្តៃយ៍ និងជាប្រធានលេខាធិការគណៈបញ្ជាបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបងរួចមក លោក សុខ លូ បានថ្លែងណែនាំរដ្ឋបាលក្រុង ស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមិនត្រូវបន្ធូដៃឡើយពោលគឺត្រូវខិតខំធ្វើយ៉ាងណា ឲ្យបានម៉ត់ចត់នូវលទ្ធផលការងារកាន់តែ មានប្រសិទ្ធភាពខ្ពស់ជាងមុន។

លោកបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តធ្វើថែមទៀត គឺពង្រឹង និងបង្រ្កាបរាល់គ្រប់បទល្មើសបំផ្លាញធនធានធម្មជាតិគ្រប់រូបភាព ពិសេសបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជា ប្រចាំថ្ងៃ ព្រមទាំងជម្រុញផ្សព្វផ្សាយច្បាប់ចរាចរឲ្យបានទូលំទូលាយបន្តទៀត។

លោកបានបន្តថា លោកបានឯកភាពលើសំណើរពីអាធរធរមូលដ្ឋាន សុំគោលការណ៍ថ្នាក់ខេត្តបង្កើតប៉ុស្តិ៍ប្រចាំការនៅតាមភូមិនានា ដើម្បីជាមូលដ្ឋានក្នុងការទប់ស្កាត់ និងវិធានការបង្រ្កាបរាល់បទល្មើសផ្សេងៗបាន ដើម្បីពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពផងដែរ។

លើសពីនេះលោក បានបន្តទៀតថា សម្រាប់ការលក់ស្រាបៀដល់សិស្ស ឬ ក្មេង ដែលមានអាយុក្រោម១៨ឆ្នាំគឺហាមលក់ឲ្យជាដាច់ខាត អ្នកទៅទិញស្រាបៀពីហាងលក់ក៏មិនត្រូវអនុញាតិឲ្យទៅទិញស្រាបៀនោះដែរអ្នកលក់ស្រាបៀឲ្យក្មេងត្រូវទទួលខុសត្រូវ។ ចំពោះចំពោះហាងលក់ស្រា តាមផ្ទះ និងស្លាកយីហោផ្សាយពាណិជ្ជកម្មធំៗនៅតាមដងផ្លូវ ត្រូវនាំគ្នាទម្លាក់ស្លាកយីហោ ចោលទាំងអស់មិនត្រូវអនុញាតិឲ្យដាក់តាំងផ្សាយពាណិជ្ជកម្ម បន្តទៀតបានជាដាច់ខាត។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជម្រុញបន្ថែមដល់កងកម្លាំង និងមន្រ្តីជំនាញបន្តទប់ស្កាត់ការទន្ទ្រានយកដីនិងព្រៃលិចទឹក បំផ្លាញធនធានធម្មជាតិគ្រប់ទំរង់, ល្បែងស៊ីសងគ្រប់ប្រភេទបិទមិនឲ្យមានបន្តទៀតបានទេលោកប្រធាន ក៏បានអនុញាតិឲ្យមន្ទីរជំនាញនានា ឡើងរាយការណ៍ពីបញ្ហាផ្សេងៗ ទាំងបញ្ហាប្រឈម និងការងារដែលបានដោះស្រាយរួចហើយនិងសំណូមពរផ្សេងៗផង។ ក្នុងនោះស្នើឲ្យអាជ្ញាធរមូលដ្ឋានផ្តល់ប័ណ្ណ ប.ប.ស និងប័ណ្ណក្រីក្រ ជូនពលរដ្ឋពិតប្រាកដយើងឲ្យបានគ្រប់ៗគ្នានៅមូលដ្ឋានយើងបានទាន់ពេលវេលាផង។

លោកបញ្ជាក់ថា ការប្រកាសសារាចរស្តីពីការអបអរសាទរការបើកការដ្ឋានសាសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩ព្រឹកតទៅដល់ពេលយប់គឺនាំគ្នាត្រៀមគ្រប់កន្លែង ចាប់ផ្តើមទូងស្គរ នៅគ្រប់អង្គភាពរដ្ឋនិងឯកជន ទូទាំងខេត្តបាត់ដំបង ដែលជាគម្រោងព្រែកជីកហ្វូនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដើម្បីបន្សល់ទុកជាមរតកប្រវត្តិសាស្រ្តសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខទៀត។

លោក សុខ លូ បានរំលឹកថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានមកលេងទស្សនានៅខេត្តបាត់ដំបងឲ្យបានច្រើននោះ យើងត្រូវផ្សព្វផ្សាយដល់ទីកន្លែងទាំងស្ថាប័នរដ្ឋនិងឯកជន ទីប្រជុំជន សាលារៀន វត្តអារាម សូមជួយថែរក្សា នាំគ្នាសម្អាត សម្រាម មានអនាម័យ បរិស្ថាន ល្អ ទីក្រុងស្អាតស្រមពេលដែលខេត្តយើង ត្រូវប្រារព្វទិវាជាតិ៩ កក្កដា ២០២៤នេះ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ស្អែកនេះនាំគ្នាដាំដើម ឈើក្នុងយុទ្ធនាការចាប់ផ្តើមដាំ ដើមឈើ ក្រោមទិសស្លោកថា «១គ្រួសារត្រូវដាំឈើបាន១ដើម» រហូតដល់អស់គ្រប់គោលដៅ ព្រមទាំងបន្តនៅតាមបណ្តាស្រុកទីប្រជុំជនគ្រប់ស្រុកទៀតផងដែរ៕