(រតនគិរី)៖ ទិវាមច្ឆាជាតិ ១កក្កដា ២០២៤នេះ រដ្ឋបាលខេត្តរតនគិរី បានលែងកូនត្រីចម្រុះប្រមាណ​ ៣០,០០០ក្បាល ចូលក្នុងទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី១។ ការលែងកូនត្រីចម្រុះនេះ ត្រូវបានខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ប្រារព្ធធ្ធើឡើងដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅបឹងទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី១ ស្ថិតក្នុងភូមិថារ៉ងជងឃុំអូរជុំ ស្រុកអូរជុំ ក្រោមអធិបតីភាពលោក ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

អង្គពិធីបានធ្វើការលែងកូនត្រីចម្រុះប្រមាណ ៣០,០០០ ក្បាល ចូលក្នុងបឹងទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី១ និងមេត្រីពូជមួយចំនួនទៀតដូចជា ត្រីរ៉ស់ ត្រីក្រាញ់ ត្រីកន្ធរ ត្រីអណ្តែង ដើម្បីធ្វើឲ្យអាងទឹកនេះសំបូរត្រី ទុកជាតំបន់ទេសចរណ៍ ទាក់ទាញសម្រាប់ការនេសាទត្រីកំសាន្តផង និងបម្រើសេចក្តីត្រូវការហូបចុក របស់ពលរដ្ឋក្នុងតំបន់នេះ ផងដែរ។

ថ្លែងក្នុងឱកាសនេះ លោកញ៉ែម សំអឿន បានលើកឡើងថា ការប្រារពពិធីនេះ ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផលដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាព ធនធានជលផល ដែលជាផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។

លោកអភិបាលខេត្តបន្តថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគាំទ្រសកម្មភាព ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និង ការអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួមតាមរយៈទិវាមច្ឆជាតិ ១កក្កដា រៀងរាល់ឆ្នាំ។ សម្តេច បានផ្តល់អនុសាសន៍ដល់ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ត្រូវបង្កើនកិច្ចសហការ ចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននិរន្តរភាព បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ។

រាជរដ្ឋាភិបាលបានធ្វើ កំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដោយបានធ្វើការកាត់រំសាយចោលនូវឡូតិ៍នេសាទទឹកសាបទូទាំង ប្រទេស ហើយប្រគល់ឲ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ប្រកបដោយនិរន្តភាព ដោយការធ្វើនេសាទជាលក្ខណៈគ្រួសារក្នុងគោលំណងដើម្បីលើកស្ទួយជីវភាពរស់នៅ និងផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ។

តាមរយៈរបាយការណ៍ដែលលើកឡើងដោយលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខា
ប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានបង្កើតសហគមន៍នេសាទចាប់តាំងពីឆ្នាំ២០១១មក មានសហគមន៍នេសាទចំនួន ១៤សហគមន៍ ដែលរស់ នៅតាមដងទន្លេសេសាន្ត និងទន្លេស្រែពក គ្រប់គ្រងអន្លង់អភិរក្សត្រីមេពូជចំនួន ៣៤អន្លង់ មានផ្ទៃក្រឡា ៣២៤,៦៤ ហិកតា ។

ខណ្ឌរដ្ឋបាលជលផលបានសហការ និងពង្រឹងដល់សហគមន៍ផ្សព្វផ្សាយច្បាប់ស្តីពី ជលផល ការត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងការអភិវឌ្ឍន៍វារីវប្បកម្មជាដើម ជាលទ្ធផលសហគមន៍ នេសាទបានចូលរួមទប់ស្កាត់ និងរាយការណ៍ពីជនល្មើសនេសាទត្រីខុសច្បាប់ និងបានប្រគល់ឧបករណ៍ឆក់ ត្រី និងស្បៃមុង ហើយជនល្មើសត្រូវបានបញ្ចូលទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីបន្តចាត់ការ តាមនីតិវិធី៕