(កំពង់ធំ)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនិយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បាននាំយកអង្ករចំនួន១០តោន មីជាតិចំនួន៥០០កេស ត្រីខកំប៉ុងចំនួន១០០កេស និងទឹកត្រីទឹកស៊ីអ៉ីវចំនួន៦០០យួរ មកប្រគល់ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រាប់បន្តសកម្មភាពក្នុងវិស័យមនុស្សធម៌ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
នាយឧត្តមសេនិយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា។
ជាមួយនេះដែររដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំយ៉ាងសកម្ម ក្នុងការជួយដោះស្រាយការលំបាកខ្វះខាត ជូនដល់បងប្អូនអតីតយុទ្ធជន និងប្រជាជននៅតាម បណ្ដាមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ យ៉ាងមមាញឹកដូចភ្លៀងរលឹម និងបានណែនាំឲ្យបន្តសកម្មភាពនេះតទៅទៀត ដើម្បីបានជាប្រយោជន៍ដល់បងប្អូនអតីតយុទ្ធជន និងប្រជាជនយើងដែលមានជីវភាពលំបាកខ្វះខាត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរព និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាល លោកតែងតែបានជួយឧបត្ថម្ភ ស្បៀងអាហារគ្រឿង ឧបភោគបរិភោគ និងសម្ភារផ្សេងៗ ជាបន្តបន្ទាប់សម្រាប់ជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាត ជូនបងប្អូនអតីតយុទ្ធជន និងប្រជាជននៅក្នុងខេត្តកំពង់ធំ ដែលមានជីវភាពលំបាកខ្វះខាត និងបានប្ដេជ្ញាចិត្ត បន្តសកម្មភាពនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគទាំងនេះ ទៅផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត ពិតប្រាកដនៅតាមមូលដ្ឋាននានា និងសូមគោរពជូនពរសម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សូមទទួលបាននូវពុទ្ធពរទាំងប្រាំបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនេះ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង និងជាថ្មីម្ដងទៀតនូវគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលនិងត្រូវបើកការដ្ឋានស្ថាបនានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឲ្យទទួលបានជោគជ័យ ដើម្បីការអភិវឌ្ឍន៍រីកចម្រើនរុងរឿងបន្ថែមទៀតរបស់ប្រទេសជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា៕