(ព្រះវិហារ)៖ ក្រុមក្មេងទំនើង២ក្រុម ចំនួន៨នាក់ ដែលបើកឆាកប្រយុទ្ធគ្នាដោយប្រើ ដាវ កាំបិតបុ័ងតោ កាំបិតផ្គាក់ ដំបង និងជំពាមកៅស៊ូ នៅភូមិចារ្យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានចៅក្រមស៉ើបសួរសាលាដំបូងខេត្តព្រះវិហារ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ។

យោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នរបស់លោក ផេង កុសល ចៅក្រមស៉ើបសួរសាលាដំបូងខេត្តព្រះវិហារ គឺបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រុមក្មេងទំនើងទាំង៨នាក់នេះ និងត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ «ហិង្សាដោយចេតនា (ទៅវិញទៅមក)» ប្រព្រឹត្តនៅភូមិចារ្យ ឃុំកន្ទួត ស្រុកជាំក្សាន្ត កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។

ជាមួយគ្នានេះបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច កងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទទាំង៨នាក់នេះ ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តព្រះវិហារ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ឲ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តព្រះវិហារ ទទួលនិងឃុំខ្លួនក្មេងទំនើងទាំងនេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

សូមបញ្ជាក់ថា ក្រុមក្មេងទំនើងទាំង២ក្រុម ចំនួន៨នាក់នេះ ដែលបើកឆាកប្រយុទ្ធគ្នា ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលស្រុកជាំក្សាន្ត ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដោយដកហូតបានវត្ថុតាងមាន ដាវ១ កាំបិតផ្កាក់២ កាំបិតបុ័ងតោ១ ដំបងឈើជ្រុង២កំណាត់ និងជំពាមកៅស៊ូចំនួន២៕