(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ២០១៥មក មជ្ឈមណ្ឌលឯកសារកម្ពុជាបានអនុវត្តគម្រោង «វេទិកាថ្នាក់រៀនស្តីពី សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ទាំងផ្លូវការ និងមិនផ្លូវការជាមួយសិស្សានុសិស្សដែលជាយុវជនជំនាន់ក្រោយចំនួនប្រមាណ២ម៉ឺននាក់រួចមកហើយ។ គម្រោងនេះ ស្ថិតក្រោមគោលបំណងលើកកម្ពស់ការអប់រំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដើម្បីការចងចាំជារួម លើកទឹកចិត្តសិស្សឲ្យមានចិត្តអាណិតអាសូរចំពោះអ្នករស់រានមានជីវិត ពីរបបខ្មែរក្រហមតាមរយៈការសិក្សាពីបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម និងការត្រិះរិះពិចារណាពីវិធីសាស្ត្រជាក់លាក់មួយចំនួន ក្នុងការទប់ស្កាត់អំពើហិង្សា ដែលជាប្រភពនៃការកកើតអំពើប្រល័យពូជសាសន៍។

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ ក្នុងពិធីបើកអង្គសន្និសីទលើកទី១ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលយុត្តិតេជោ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារដ៏មានសារសំខាន់ដើម្បីលើកកម្ពស់ដល់ការបង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យពីកម្រិតអនុវិទ្យាល័យ រហូតដល់វិទ្យាល័យ និងបានលើកទឹកចិត្តឲ្យមានការចូលរួមបង្រៀន និងផ្សព្វផ្សាយ ពីគ្រប់ស្ថាប័នទាំងអស់ ទាំងយោធា និងស៊ីវិល ឲ្យមានការគាំទ្រដល់ការអប់រំពីអំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ។

មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបាននឹងកំពុងអនុវត្តកិច្ចការដ៏មានសារសំខាន់នេះ នៅតែបន្តកិច្ចការងាររបស់ខ្លួនតទៅទៀត ព្រមទាំងបានបង្កើនការបង្រៀនពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដោយប្រើប្រាស់គ្រប់ទម្រង់នៃការបង្រៀន ដើម្បីធានាថាការអប់រំពីអំពើប្រល័យពូជសាសន៍ កាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ សម្រាប់ក្មេងៗជំនាន់ក្រោយរបស់កម្ពុជា។ សម្រាប់ឆ្នាំ២០២៤នេះ និងឆ្នាំបន្តបន្ទាប់ទៀត មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងបង្កើនការបង្រៀនរបស់ខ្លួនពីមេរៀនលម្អិតពីប្រធានបទតូចៗ ជាច្រើនដែលបានកើតមាននៅក្នុងរបបខ្មែរក្រហម ហើយប្រធានបទតូចៗទាំងនោះ នឹងត្រូវបានរៀបរៀងឲ្យក្លាយជាមេរៀនខ្លីៗ អមជាមួយនឹងកិច្ចតែងការបង្រៀនបែបទំនើបៗ ដែលធានាដល់ការសិក្សារបស់យុវជនជំនាន់ក្រោយឲ្យមានប្រសិទ្ធភាពខ្ពស់។

នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីអំពីការចងចាំប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា ដល់យុវជនវ័យក្មេងចំនួន៣០នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ពារាំង ស្រុកពារាំង ខេត្តព្រៃវែង។ វេទិកានេះ ត្រូវបានរៀបរៀងឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣គឺ៖ ១) ឈ្វេងយល់ពីព្រឹត្តិការណ៍ជម្លៀសប្រជាជនដោយបង្ខំរបស់ខ្មែរក្រហម ដំណាក់កាលទី១ ទី២ និងទី៣ ចាប់ផ្តើមពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ចុងឆ្នាំ១៩៧៨ និង ២) ឈ្វេងយល់ពីរបៀប និងមូលហេតុដែលនាំឲ្យខ្មែរក្រហមបង្កើតព្រឹត្តិការណ៍ជម្លៀសប្រជាជនដោយបង្ខំក្នុងដំណាក់កាលទាំង៣ និង ៣) ឈ្វេងយល់ពីបទពិសោធន៍នៃការជម្លៀសដោយបង្ខំរបស់អ្នករស់រានមានជីវិតនៅក្នុងសហគមន៍។

ដើម្បីសម្រេចបានគោលបំណងសំខាន់ទាំងបីនេះ សិស្សានុសិស្សដែលជាយុវជនវ័យក្មេងទាំងអស់ បានចំណាយពេលមួយថ្ងៃពេញ ដើម្បីសិក្សាលម្អិតពីប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំរបស់ខ្មែរក្រហម» ពិភាក្សាស៊ីជម្រៅពីប្រធានបទ ចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់វាលពិឃាតខ្មែរក្រហមដែលអ្នកស្លាប់នៅទីនោះដែលភាគច្រើនជាប្រជាជនជម្លៀស និងស្តាប់សក្ខីកម្មពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលធ្លាប់ឆ្លងកាត់បទពិសោធន៍នៃការជម្លៀសដោយបង្ខំក្នុងរបបខ្មែរក្រហម។

លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកយកវិធីសាស្ត្របង្រៀនពេញនិយមមួយគឺ ខេ-ដាបែលយូ-អិល (K-W-L teaching technique) មកប្រើប្រាស់ក្នុងការបង្រៀនពីមេរៀនការជម្លៀសប្រជាជនដោយបង្ខំ។ សកម្មភាពនៃការបង្រៀន ផ្តោតលើការវាស់ស្ទង់ចំណេះដឹងពីមុនរបស់សិស្សទាក់ទងនឹងប្រធានបទ ការវាយតម្លៃចំណេះដឹងទាំងនេះ ដើម្បីសម្របសម្រួលការបង្រៀនឲ្យត្រូវនឹងចំណេះដឹង ការផ្តល់ឱកាសដល់សិស្សឲ្យគិតគូរ និងដោះស្រាយចម្ងល់ផ្សេងៗរបស់ខ្លួនដែលមានទាក់ទងនឹងប្រធានបទ និងសំយោគចំណេះដឹងរបស់សិស្សទាក់ទងនឹងប្រធានបទ។
ក្នុងរយៈពេលពេញមួយព្រឹក លោក ផេង ពង្សរ៉ាស៊ី បានចំណាយពេលវេលាតែទៅលើការពន្យល់បកស្រាយពីប្រធានបទ និងដោះស្រាយចម្ងល់របស់សិស្សដែលបានចោទជាសំណួរទាក់ទងនឹងប្រធានបទសិក្សានៅក្នុងថ្ងៃនេះ។

នៅពេលរសៀលថ្ងៃដដែលលោក ផេង ពង្សរ៉ាស៊ី បានបន្តការពិភាក្សាពី និយមន័យនៃអំពើប្រល័យពូជសាសន៍ កត្តាគ្រោះថ្នាក់ជាក់លាក់មួយចំនួនដែលនាំឲ្យកើតមានអំពើប្រល័យពូជសាសន៍ និងវិធីសាស្ត្រជាក់លាក់មួយចំនួនក្នុងការចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។
បន្ទាប់មកទៀតលោក ផេង ពង្សរ៉ាស៊ី និងក្រុមការងារ បានដឹកនាំក្រុមយុវជនវ័យក្មេងទាំងនោះទៅកាន់ទីតាំងសម្លាប់របស់ខ្មែរក្រហមមួយកន្លែង ស្ថិតនៅក្នុងឃុំបាបោង ស្រុកពាមរក៍ ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង។ នៅទីនោះ យុវជនវ័យក្មេងទាំងអស់បានសង្កេតមើលស្លាកស្នាមរណ្តៅដែលនៅសេសសល់បន្តិចបន្តួច និងបានជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលធ្លាប់មានបទពិសោធន៍ក្នុងការជម្លៀសដោយបង្ខំក្នុងដំណាក់កាលទី៣ទៅកាន់ភូមិភាគពាយ័ព្យ កាលពីឆ្នាំ១៩៧៨។

ការសិក្សាក្រៅថ្នាក់រៀនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ព្រោះថាយុវជនវ័យក្មេងទាំងអស់បានស្តាប់ឮដោយផ្ទាល់ត្រចៀក មើលឃើញដោយផ្ទាល់ភ្នែក និងនឹកគិតពិចារណាពីរូបភាព និងព្រឹត្តិការណ៍ដែលបានកើតឡើងពីអតីតកាលមកលើជីដូនជីតារបស់ខ្លួន ដែលបានទទួលរងគ្រោះដោយសារមានមេដឹកនាំដែលដឹកនាំឲ្យមានការកាប់សម្លាប់ ធ្វើទារុណកម្ម បង្អត់អាហារ បំបែកក្រុមគ្រួសារ និងធ្វើការហួសកម្លាំង។ ចំណុចទាំងអស់នេះ គឺជាមេរៀនដ៏មានប្រសិទ្ធភាពដែលបានផ្តល់ដល់យុវជននូវចំណេះដឹងពីប្រវត្តិសាស្ត្រ បង្កើនភាពប៉ិនប្រសប់ចំពោះការរារាំងការវិលត្រឡប់នៃអំពើប្រល័យពូជសាសន៍ និងលើកកម្ពស់ឲ្យមានឥរិយាបទថ្លៃថ្នូរ មានសីលធម៌ និងជំនាញទប់ស្កាត់អំពើហិង្សាប្រកបដោយការទទួលខុសត្រូវចំពោះមនុស្សដែលនៅជុំវិញខ្លួន៕