(តាកែវ)៖ តំណាងឲ្យលោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យ ប.ស.ស នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងចែកប័ណ្ណបើកបរជូនដល់អ្នកបើកបររថយន្តដឹកកម្មករ ដែលបានប្រឡងជាប់ជាស្ថាពរ ចំនួន៨៣នាក់ ក្នុងសាលាស្រុកសំរោង ខេត្តតាកែវ។
ការចុះផ្សព្វផ្សាយច្បាប់ និងចែកបប័ណ្ណបើកបរនេះ ធ្វើឡើងក្នុងគោលបំណងរួមចំណែក ពង្រឹងសុវត្ថិភាពចរាចរណ៍លើការធ្វើដំណើរ របស់កម្មករ និយោជិត ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ ក្នុងសង្គម។
លោក ជាវ ប៊ុនរិទ្ធ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ជាឃាតកលាក់មុខធ្វើឱ្យប្រជាពលរដ្ឋ កម្មករ-កម្មការិនី ស្លាប់បាត់បង់ជីវិតពី ៦-៧នាក់ ក្នុងមួយថ្ងៃ។ យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចំនួន ១,៩០០លើក មានអ្នកស្លាប់ចំនួន ៩១៩នាក់ ក្នុងនោះមានកម្មករនិយោជិតចំនួន ៤២នាក់ និងរបួស ៣,៣០៩នាក់ ដែលភាគច្រើនបណ្តាលមកពី ការបើកបរមិនគោរពច្បាប់ និងការធ្វេសប្រហែស។
ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើនេះ បេឡាជាតិរបបសន្ដិសុខសង្គម បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ចុះរៀបចំវគ្គបណ្ដុះបណ្ដាលច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក និងប្រឡងយកប័ណ្ណបើកបរជូនអ្នកបើកបររថយន្តដឹកកម្មករ បានជាច្រើននាក់។ ជាលទ្ធផលមានអ្នកប្រឡងជាប់ជាស្ថាពរ សរុបចំនួន ១,៦០០នាក់ ក្នុងនោះប្រភេទ "ខ" ចំនួន១,៤៦៥ នាក់ ប្រភេទ "ឃ២" ចំនួន១៣៥ នាក់ និងចែកប័ណ្ណបើកបរបានចំនួន ៨៧១ប័ណ្ណ ក្នុងនោះ នៅសាលាស្រុកសំរោងចំនួន ៨៣ប័ណ្ណ។
សម្រាប់គោលដៅបន្ត បេឡាជាតិរបបសន្ដិសុខសង្គម នៃក្រសួងការងារ និងអគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងបណ្ដុះបណ្ដាលច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរដឹកកម្មករ និយោជិតជាបន្តបន្ទាប់ទៀត ដើម្បីត្រៀមប្រឡងយកប័ណ្ណបើកបរ ស្របតាមប្រភេទយានយន្ត ឲ្យបានចំនួន ៨៤២នាក់ បន្ថែមទៀត៕