(ភ្នំពេញ)៖  លោក យ៉ាន សុភាព ចៅក្រមស៊ីបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៣នាក់ យកទៅដាក់ពន្ធនាគារ ដើម្បីរងចាំទទួលការទោសទណ្ឌនៅពេលក្រោយតាមនីតិវិធី។ ការសម្រេចឃុំខ្លួននេះ គឺបន្ទាប់ពីលោក សាន សុភ: ព្រះរាជអាជ្ញារង បានសម្រេចចោទប្រកាន់ជនសង្ស័យទាំង៣នាក់ពីបទ ឆបោក (ជម្រុះមាសក្លែងក្លាយ)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ នៅចំណុចផ្លូវលំ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

ជនសង្ស័យទី១៖ ឈ្មោះ ប៉ញ សុីថៅ ភេទប្រុស មុខរបររត់ម៉ូតូឌុប, ទី២៖ ឈ្មោះ នឿន សុខគា ភេទប្រុស មុខរបរ កសិករ និងទី៣៖ ឈ្មោះ ឌុក ពិសិដ្ឋ ភេទប្រុស មុខរបរ ម៉ូតូឌុប។ ជនរងគ្រោះសម្ភារៈបាត់បង់មាន ខ្សែកមាស៤ជី, ខ្សែដៃមាស៣ជី, ជញ្ចៀនមាស២ជី, លុយ៣៣០ដុល្លារ, លុយខ្មែរ៨០,០០០រៀល និងទូរស័ព្ទ៣គ្រឿង។

បច្ចុប្បន្ន តុលាការបានសម្រេចឃុំខ្លួន ដើម្បីរងចាំទទូលការជុះនុំជម្រះតាមនីតិវិធី៕