(ភ្នំពេញ)៖ លោក ILhan Kemal Tug ឯកអគ្គរដ្ឋទូតទួកគីប្រចាំនៅកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលទួកគីកំពុងរៀបចំឯកសារ និងភស្តុតាង មួយចំនួន ដើម្បីបង្ហាញប្រាប់រដ្ឋាភិបាលកម្ពុជាថា សាលាហ្សាម៉ាន់ មានការពាក់ព័ន្ធទៅនឹងរដ្ឋប្រហារនៅប្រទេសតួកគីកាលពីខែកក្កដា។
ការអះអាងរបស់ ឯកអគ្គរដ្ឋទូតទួកគីប្រចាំនៅកម្ពុជា បានធ្វើឡើងជាថ្មីនៅក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅទីស្តីការ គណៈរដ្ឋមន្រ្តី កាលពីម្សិលមិញ។
លោក ថៃ វណ្ណា ទីប្រឹក្សាឧបនាយករដ្ឋមន្រ្តីហោ ណាំហុង និងជាអ្នកនាំពាក្យនៃកិច្ចជំនួបនេះ បានឲ្យដឹងថា ទួកគីនៅតែទទួចឲ្យកម្ពុជាបិទ សាលាហ្សាម៉ាន់ ខណៈកម្ពុជាក៏បានសម្តែងការមិនពេញចិត្តចំពោះរដ្ឋប្រហារមួយនេះដែរ។
លោក ថៃ វណ្ណា បានបញ្ជាក់ ដោយស្រង់សម្តីរបស់លោក Kemal Tugថា «សាលាហ្សាម៉ាន់ បានផ្តល់ជាហិរញ្ញវត្ថុដល់លោក ហ្វែត តូឡាស់ គូលែន ដែលភៀសខ្លួននៅអាមេរិកបានធ្វើរដ្ឋប្រហារយោធទម្លាក់នាយករដ្ឋមន្រ្តីទួគីស្រប់ច្បាប់»។
ទោះជាយ៉ាងណានាពេលកន្លងទៅ សាលាហ្សាម៉ាន់ បានចេញសេចក្តីប្រកាសម្តងហើយម្តងទៀតថាខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារ នៅប្រទេសតួកគី កាលពីខែកក្កដានោះឡើយ។ សាលាហ្សាម៉ាន់ ក៏បានស្នើឲ្យរដ្ឋាភិបាលទួកគី បង្ហាញភស្តុតាង ឬសេចក្តីសម្រេចណា មួយដោយតុលាការដែលបានចោទប្រកាន់ខ្លួនផងដែរ។
បើតាមការអះអាង របស់សាលាអន្តរជាតិហ្ស៉ាម៉ាន់ បានបញ្ជាក់ទៀតថា សាលានេះ ត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សា ដែលក្នុងនោះ មានបុគ្គលិករដ្ឋបាល និង លោកគ្រូ អ្នកគ្រូតំណាងឲ្យប្រទេសចំនួន១៥ផ្សេងៗគ្នា៕