(ភ្នំពេញ)៖ លោក គង់ បុរាណ កូនប្រុសតែម្នាក់ ក្នុងចំណោមបងប្អូនចំនួន ១០នាក់ ដែលបន្តវេនចាប៉ីពីលោកតា គង់ ណៃ បានស្នើប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី​ ហ៊ុន ម៉ាណែត ជួយបញ្ចូលក្នុងក្របខណ្ឌរដ្ឋ ដើម្បីបានបម្រើរដ្ឋដូចឪពុកដែរ។

ជាមួយនឹងសារលើ Facebook លោក គង់ បុរាណ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះថា បើសិនជាត្រូវបានបញ្ចូលក្នុងក្របខណ្ឌរដ្ឋ លោកក៏នឹងអាចលើកស្ទួយជីវភាពគ្រួសារបានមួយចំណែកដែរ ហើយលោកសង្ឃឹមថា ប្រមុខដឹកនាំរាជរដ្ឋាភិបាល នឹងផ្តល់ក្តីមេត្តាចំពោះអ្នកបន្តវេនផ្នែកចាប៉ី ដែលជាតន្ត្រីករបុរាណ ដូចរូបលោក។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទឈ្មោះ គង់ បុរាណ កូនប្រុសតែម្នាក់គត់ក្នុងចំណោម បងប្អូន ១០នាក់ ដែលបានបន្តវេនចាប៉ីពីលោកឪពុក គង់ ណៃ តែសព្វថ្ងៃខ្ញុំមិនទាន់មានក្របខណ្ឌរដ្ឋនៅឡើយទេ។ ខ្ញុំចង់បាន ក្របខណ្ឌរដ្ឋមួយកន្លែង ដើម្បីជួយបម្រើរដ្ឋដូចពុកខ្ញុំ និងជីវភាពសម្រាប់ថ្ងៃខាងមុខ។ ដូច្នេះសូមពុកម៉ែ បងប្អូន អ៊ុំ យាយតា ជួយចែកចាយសារ (សៀរ) ផង ក្រែងដំណឹងនេះជ្រាបដល់ប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលលោកជ្រាបដឹង។ សូមអរគុណ និងអរព្រះគុណ»

សូមជម្រាបថា ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ដែលជាធនធានសិល្បៈដ៏សំខាន់បំផុត និងជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្ម ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ នៅគេហដ្ឋានរបស់លោកតា ដែលស្ថិតនៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត នៅវេលាម៉ោង ១២៖៤០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា ដែលមានគោរមងារថា ជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិ ជាមរតកមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។

ជាមួយនឹងការបង្ហាញខ្លួនភ្ជាប់ដោយវ៉ែនតាពណ៌ខ្មៅជានិច្ច លោកគឺជាតន្រ្តីករប្រពៃណីបុរាណ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជានិងលើឆាកអន្តរជាតិ៕