(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្ដសមយុទ្ធលំហាត់ពន្លត់អគ្គិភ័យ សង្គ្រោះ និងជម្លៀសមនុស្ស នៅផ្សារទំនើបអ៉ីអន១ ដើម្បីពង្រឹងស្មារតីដល់បុគ្គលិកទាំងអស់ ដោយមានភាពម្ចាស់ការណ៍គ្រប់គ្រាន់ និងបានយល់ច្បាស់អំពីវិធានការបង្ការ ទប់ស្កាត់ និងសង្គ្រោះបឋមនៅពេលមានហេតុការណ៍កើតឡើង។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា សមយុទ្ធពន្លត់អគ្គិភ័យជាមួយផ្សារទំនើបអ៉ីអន១នេះ គឺអនុវត្តរយៈពេល៩ឆ្នាំមកហើយ ពោលការអនុវត្តនេះធ្វើឡើងដើម្បីបញ្ច្រាបពីវិធានការបង្ការពន្លត់អគ្គិភ័យបឋម, ការពន្លត់អគ្គិភ័យដោយប្រើប្រាស់ឧបករណ៍ និងការជម្លៀសខ្លួននៅពេលស្ថានការណ៍អគ្គិភ័យកើតឡើង ហើយមិនអាចគ្រប់គ្រងបាន។

ប្រធាននាយកដ្ឋានរូបនេះ បន្ដទៀតថា ច្បាប់អគ្គិភ័យបានកំណត់តម្រូវឲ្យម្ចាស់គោលដៅ សហការជាមួយមន្ដ្រីជំនាញ ដូច្នេះលោកសំណូមពរដល់ម្ចាស់ផ្សារ, សហគ្រាស, គ្រឹះស្ថាន និងអគារធំៗជាដើម គួរបង្កើនកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ បង្ការ និងពន្លត់អគ្គិភ័យ ពិសេសការធ្វើលំហាត់សមយុទ្ធរួមគ្នា ដើម្បីបញ្ជ្រៀបការយល់ដឹងបន្ថែមពីដល់បុគ្គលិក និងមន្ដ្រីរបស់ខ្លួន។

លោកបានបង្ហាញនូវក្ដីព្រួយបារម្ភថា ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍរីកចម្រើន វិស័យសំណង់អគារខ្ពស់ក៏មានកាន់តែច្រើន ប៉ុន្ដែប្រសិនបើម្ចាស់ទីតាំងទាំងនោះមិនបានយកចិត្តទុកដាក់សហការជាមួយមន្ដ្រីជំនាញ ដើម្បីបញ្ច្រាបការយល់ដឹងអំពីវិធីសាស្ដ្រក្នុងការទប់ស្កាត់ និងបង្ការទេនោះ នៅពេលមានហេតុការណ៍កើតឡើង មន្ដ្រីជំនាញពិបាកក្នុងការជួយអន្ដរាគមន៍។

​លោកឧត្តមសេនីយ៍ឯក នេត វន្ថា កត់សម្គាល់ថា ផ្សារទំនើបអ៉ីអនគ្រប់សាខាទាំងអស់ គឺជាផ្សារទំនើបរបស់ជប៉ុនដ៏គំរូមួយ ដែលតែងផ្ដល់កិច្ចសហការល្អជាមួយកម្លាំងសមត្ថកិច្ច ពិសេសនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្នុងការធ្វើសមយុទ្ធរួមគ្នា និងអប់រំ ផ្សព្វផ្សាយដល់បុគ្គលិករបស់ខ្លួន ទាំង៣សាខាតែម្ដង។ លោកចាត់ទុកថា នេះជាគំរូមួយដែលម្ចាស់ទីតាំងដ៏ទៃទៀត គួរអនុវត្តតាម។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អគ្គិភ័យនៅទូទាំងប្រទេសបានកើតឡើង ចំនួន៧៣៨លើក មានការកើនឡើង២២២លើកធៀបនឹងឆ្នាំកន្លងទៅ។ ក្នុងចំណោមហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់៩នាក់, របួស២៥នាក់, ឆេះផ្ទះ៤៥០ខ្នង, តូប៥០២តូប។ ដោយឡែក មូលហេតុមកពីចរន្ដអគ្គីសនី ៤១.៥៦ភាគរយ, ប្រើប្រាស់ភ្លើង ៣៩.៣៣ភាគរយ និងក្ដាប់មិនបាន១៩.១១ភាគរយ។

ជាមួយគ្នានេះ លោក ជួ សុវណ្ណារ៉ា ប្រធានគ្រប់គ្រងផ្នែកសុវត្ថិភាពរបស់ផ្សារទំនើបអ៉ីអនម៉ល បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនអ៉ីអនម៉ល សហការធ្វើសមយុទ្ធជាមួយនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៅពេលនេះ គឺអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ តាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិ។ ខណៈក្រុមហ៊ុនផ្ទាល់ ក៏មានម្ចាស់ការក្នុងការការពារគ្រោះមហន្ដរាយ ជាពិសេសគ្រោះអគ្គិភ័យតែម្ដង ដើម្បីបង្កើននូវទំនុកចិត្តជូនអតិថិជន។

លោកបានបន្ថែមថា ប្រធានបទដែលលើកយកមកអនុវត្តក្នុងសមយុទ្ធនេះ រួមមាន៖ ការពន្លត់អគ្គិភ័យ, ការសង្គ្រោះ, ការជម្លៀស និងវិធានការការពារជនដែលប្រព្រឹត្តបទល្មើស។ លោកបន្ដថា ការសមយុទ្ធជន ក៏បានជួយពង្រឹងស្មារតីដល់បុគ្គលិកគ្រប់ផ្នែកទាំងអស់ មានភាពម្ចាស់ការ ចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់នៅពេលមានហេតុការណ៍បន្ទាន់ណាមួយកើតឡើងជាយថាហេតុ៕