(ភ្នំពេញ)៖ ក្រោយពីប្រកាសផ្សព្វផ្សាយផ្លូវការ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤កន្លងមកដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ក៏បានសម្រេចប្រើប្រាស់ CoolApp ក្នុងការប្រាស្រ័យទំនាក់ទំនងការងារប្រចាំថ្ងៃរបស់សមាគម។

គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ CoolApp មានអ្នកប្រើប្រាស់រហូតដល់ជាង២២ម៉ឺននាក់ហើយ និងបន្តកើនឡើងជាលំដាប់។ CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ។

CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។

CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស៕