(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសថៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក វ៉ាន់មូហាម៉ាត់ ណ័រមៈថា ប្រធានសភាតំណាងរាស្ត្រនិងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ។

ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា មានការអញ្ជើញអមដំណើរដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា, លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា, លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងសមាជិករដ្ឋសភាមួយចំនួន ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូបផ្សេងទៀត។

អំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី នឹងចូលក្រាបបង្គំគាល់ ព្រះបាទមហាវ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ខ្លៅចៅយូហួរ ព្រះមហាក្សត្រថៃ និងសម្តេចព្រះមហាក្សត្រី សុធីតាឡុងកន នៅព្រះបរមរាជវាំង ហើយសម្ដេចគ្រោងនឹងអញ្ជើញចូលជួបសម្តែងការគួរសមលោកសាស្ត្រាចារ្យ វិសេសផនកេត វិឈិតធុនឆៃ ប្រធានព្រឹទ្ធសភា និងជួបប្រាស្រ័យជាមួយប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក វ៉ាន់មូហាម៉ាត់ណើរមៈជា ដើម្បីបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងស្ថាប័ននីតិប្បញ្ញត្តិនៃ ប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ឱ្យកាន់តែប្រសើរថែមទៀត ក៏ដូចជាបន្តជំរុញបន្ថែម នូវវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៅគ្រប់កម្រិតទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព ក្រុមសមាជិកសភាជាស្ត្រី សមាជិក-សមាជិការដ្ឋសភា និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភានៃរដ្ឋសភាទាំងពីរ។ ទន្ទឹមនឹងនេះ សមភាគីរដ្ឋសភាទាំងពីរ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋសភា នៃប្រទេសទាំងពីរកម្ពុជា-ថៃ។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងភូមិផងរបងជាមួយគ្នានេះ នឹងជំរុញបន្ថែមនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាតរភាពជាអ្នកជិតខាងល្អចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។

ទំនាក់ទំនងដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ថៃ មិនត្រឹមតែជួយលើកកម្ពស់ដល់វិស័យការទូតសភានោះទេ ថែមទាំងចូលរួមចំណែកដល់ការលើកកម្ពស់គ្រប់ទិដ្ឋភាពទាំងអស់រួមមាន ទំនាក់ទំនងល្អរវាង ប្រជាជននិងប្រជាជន ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ជាដើម ដែលនឹងនាំមកនូវផលប្រយោជន៍រួម ព្រមទាំងរួមវិភាគទានដល់ការរក្សាបាននូវសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពទាំងក្នុងនិងក្រៅតំបន់៕