(ភ្នំពេញ)៖ គិតត្រឹម១ឆមាសដំបូង នៃឆ្នាំ២០២៤នេះ ការនាំចេញផលិតផលកសិផលកម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងប្រមាណ ៥៧.២៨% ហើយបើធៀបទៅនឹងឆ្នាំ២០២៣។ នេះបើតាម កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា មុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញនោះមានដូចជា៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ និងកសិផលជាង៧៧មុខផ្សេងទៀតផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបន្តថា​ ក្នុងនោះទិសដៅនៃការនាំចេញអង្ករកម្ពុជា ក្នុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារធំៗចំនួន៤ គឺ សមាជិកសហភាពអឺរ៉ុប (EU) ១២១,០៨៩​តោន, ប្រទេសចិន ៧៤,៣០៣តោន, សមាជិកអាស៊ាន ៦២,០៨១តោន និងទិសដៅផ្សេងទៀតចំនួន ៤៥,១១៩តោន។

ជាមួយគ្នានេះ កញ្ញា អ៊ឹម រចនា បានបញ្ជាក់ផងដែរថា មានក្រុមហ៊ុនជាង៤៩ក្រុមហ៊ុន បាននិងកំពុងធ្វើការនាំចេញអង្ករកម្ពុជា ហើយក្រសួងនឹងរៀបចំគោលដៅផែនការបន្ថែមទៀត ដើម្បីធ្វើការនាំចេញផលិតផលកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ កាន់តែច្រើនឡើងបន្ថែមទៀត។

កញ្ញាបានសង្កត់ធ្ងន់ថាគោលអាទិភាពរបស់ក្រសួងកសិកម្ម រុក្ខាម្រាញ់និងនេសាទ គឺធ្វើយ៉ាងណាឱ្យប្រជាកសិករ «មានហូប មានបាន មានប្រើ មានរហូត» គឺសំដៅដល់ការធ្វើកសិកម្មបម្រើដល់សន្តិសុខស្បៀង ការប្រើប្រាស់ ការបរិភោគនៅក្នុងប្រទេស ដើម្បីឱ្យកសិផលមានគុណភាព មានតម្លៃសមរម្យ ហើយអាចឱ្យប្រជាកសិករទទួលបានចំណូលច្រើនជាងមុន ចំណេញច្រើនជាងមុន ខណៈពេលនេះក្រសួងកំពុងសិក្សាថាធ្វើយ៉ាងណាកុំឱ្យការចំណាយថ្លៃដើម កើនឡើងខ្ពស់។

លើសពីនេះទៅទៀត អ្នកនាំពាក្យក្រសួងកសិកម្ម បានបន្តថា បើទោះបីជាស្ថិតនៅក្នុងអនុវិស័យណាក៏ដោយ ក្រសួងកសិកម្មនឹងបន្តខិតខំប្រឹងប្រែងជួយប្រជាកសិករ តាមគោលនយោបាយដែលក្រសួងបានរៀបចំដូចជាគោលនយោបាយពង្រាយមន្ត្រីកសិកម្មឃុំ និងគោលនយោបាយសហគមន៍កសិកម្មទំនើប ដែលនឹងជួយបណ្ដុះបណ្ដាលប្រជាកសិករទាក់ទងនឹងបច្ចេកទេសដាំដុះ ដោយផ្សាភ្ជាប់ទៅនឹងបរិស្ថាន រក្សាធនធានធម្មជាតិបានគង់វង្សយូរអង្វែងតទៅទៀត៕