(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សម្តេច និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ៊្សូ អាបេ គឺជាដៃគូការងារដ៏ស្និទ្ធស្នាលមួយ ដែលបានរួមគ្នាធ្វើការងារយ៉ាងច្រើនជាប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ជាពិសេសជួយជំរុញទំនាក់ទំនងកម្ពុជា-ជប៉ុន ឲ្យក្លាយទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ដែលជាមន្ទីរពេទ្យវិនិយោគដំបូងគេរបស់ជនជាតិជប៉ុននៅកម្ពុជា នាសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ស្ថិតនៅតំបន់ជ្រោយចង្វាត្រើយខាងកើត នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបានធ្វើការងារជាមួយនាយករដ្ឋមន្រ្តីជាច្រើនសម្រាប់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្របត្តិការនៃប្រទេសទាំងពីរ តែជាមួយលោក ស៊ិនហ៊្សូ អាបេ បានជំរុញកិច្ចទំនាក់ទំនងប្រទេសទាំងពីរឲ្យក្លាយជាដៃគូយុទ្ធសាស្រ្ត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ឯកឧត្តម ស៊ិនហ៊្សូ អាបេ ជាមួយខ្ញុំ គឺជាដៃគូមួយ ដែលបានធ្វើការយ៉ាងច្រើនរវាងជប៉ុន និងកម្ពុជា។ ខ្ញុំបានធ្វើការជាមួយនាយករដ្ឋមន្រ្តីជប៉ុនច្រើនហើយ ក៏ប៉ុន្តែតាមរយៈការងារ ដែលធ្វើនាពេលកន្លងទៅនេះទំនាក់ទំនង ដែលបានលើកកម្ពស់ នៅក្នុងកម្រិតដៃគូ ជាយុទ្ធសាស្រ្តរវាងកម្ពុជា ជប៉ុន ត្រូវបានធ្វើរវាងខ្ញុំ ជាមួយនិងនាយករដ្ឋមន្រ្តី អាបេ។ យើងបានធ្វើកិច្ចការជាច្រើន ហើយសមិទ្ធផលកើតឡើងច្រើនផងដែរ»។
សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា បានរំលឹកថា ក្រៅពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្សេងជាច្រើនហើយនោះ តាមរយៈការងាររួមគ្នារវាងសម្តេច និងលោកអាបេ សមិទ្ធផលធំៗ និងគួរឲ្យគាត់សម្គាល់ជាច្រើនត្រូវបានលេចឡើងនៅលើទឹកដីកម្ពុជា មានដូចជា ស្ពានត្សឹបាសា ជាស្ពានប្រវត្តិសាស្រ្តឆ្លងកាត់ទន្លេមេគង្គ ដែលបើកសម្ពោធឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៥ និងការដាក់ឲ្យមានការហោះហើរត្រង់រវាងទីក្រុងតូក្យូ និងរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ទុកមន្ទីរពេទ្យសាន់រ៉ាយស៍របស់ជប៉ុន ដែលបើកសម្ពោធដាក់ឲ្យដំណើរការនាព្រឹកមិញនេះ ក៏ជាចំ ណែកមួយកើតចេញពីទំនាក់ទំនងល្អរវាងសម្តេចតេជោ និងលោកអាបេផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរំពឹងទុកថា មន្ទីរពេទ្យ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបរបស់ជប៉ុន និងមានសេវាសុខាភិបាលខ្ពស់នេះ មិនត្រឹមតែជួយផ្តល់សេវាព្យាបាលជូនប្រ ជាពលរដ្ឋកាន់តែល្អប្រសើរនោះទេ តែវាក៏នឹងបង្កើតបាននូវជំនឿងទុកចិត្ត សម្រាប់អ្នកវិនិយោគ និងសម្រាប់អ្នកទេសចរមកកាន់ប្រទេសកម្ពុជាផងដែរ។
មិនត្រឹមតែសម្តេចតេជោ ហ៊ុន សែន នោះទេ ដែលចាត់ទុកលោក អាបេ ជាដៃគូល្អ ដែលបានធ្វើការងារច្រើនសម្រាប់ពង្រឹងទំនាក់ទំនង ប្រទេសទាំងពីរនោះ។ តាមរយៈសារអបរសាទរ នៃការដាក់ឲ្យដំណើរការមន្ទីរពេទ្យសាន់រ៉ាយស៍អានដោយអនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក គីយូស៊ី អូដាវ៉ារ៉ា នាអានព្រឹកមិញនេះ លោក អាបេ នាយករដ្ឋមន្រ្តីជប៉ុន ក៏បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាដៃគូល្អក្នុង ការជំរុញទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក អាបេ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងបានជួយអភិវឌ្ឍន៍ប្រទេស កម្ពុជា និងជួយដល់ប្រជាជនកម្ពុជា។ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបួងសួងសូមឲ្យទំនាក់ទំនងល្អរបស់កម្ពុជា និងជប៉ុនបានស្ថិតស្ថេរជាអមតៈ។
សូមបញ្ជាក់ថា កម្ពុជា-ជប៉ុន បានចងភ្ជាប់ទំនាក់ទំនងជាមួយគ្នាកាលពីឆ្នាំ១៩៥៥ ដែលមកដល់ពេលនេះមានរយៈពេល ៦១ឆ្នាំហើយ។ ក្នុងទំនាក់ទំនងនេះ ជប៉ុន គឺជាប្រទេសធំមួយ ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសជួយស្តារប្រទេសកម្ពុជាឡើងវិញ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ខណៈកម្ពុជា គឺជាទីផ្សារធំមួយដែរសម្រាប់ផលិតផលរបស់ជប៉ុន។
គិតចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០១៣ ជប៉ុន បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ២.៥កោដិដុល្លារអាមេរិក។ សម្រាប់ទំហំពាណិជ្ជកម្មវិញ ជប៉ុន គឺជាប្រទេសនាំចូលធំលំដាប់ទី៨ នៃប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៣កន្លងទៅទំហំទឹកប្រាក់ នៃការនាំចូលពីជប៉ុនមាន ២០៤លានដុល្លារ។ រីឯការនាំចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន វិញមានចំនួន ៥៧៩លានដុល្លារអាមេរិក៕