(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន ចាប់ផ្តើមរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត។

រហូតមកទល់ល្ងាចថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានទាំងអស់ របស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥ អង្គការដៃគូ សហគមន៍តំបន់ការពារធម្មជាតិ និងស្តង់ពិព័រណ៍ផលិតផលខ្មែរ បានរៀបចំរួចជាស្រេច ដោយមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះ ពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣គឺ ស្អាត បៃតង និងចីរភាព។

នៅល្ងាចថ្ងៃដដែល លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ បានអញ្ជើញពិនិត្យស្តង់ពិពរណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង»។ សូមសាធារណជនទាំងអស់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះ ឱ្យបានច្រើនកុះករ ជាពិសេសអាចទទួលបានកូនឈើចម្រុះទៅដាំនៅតាមគេហដ្ឋាន ដោយឥតគិតថ្លៃផងដែរ៕