(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សិក្ខាកាមកម្មវិធីបណ្តុះបណ្តាលមន្ត្រីដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម នៅវិមាន៧មករា។
ការជួបសំណេះសំណាលនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្ស ជាប់ ព្រំដែនកម្ពុជា-ឡាវ-វៀតណាម និងសិក្ខាកាម ក៏ដូចជាធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគី្គភាពជាប្រពៃ ណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែងរវាងគណបក្សនៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាមកាន់តែប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថា តាមការឯកភាពគ្នាជាឯកច្ឆ័ន ពីប្រមុខដឹកនាំនៃគណៈបក្សទាំងបី គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលថ្នាក់ដឹកនាំវ័យក្មេងគណបក្ស ខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ជាលើកទី២ នៅកម្ពុជា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
វគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះថ្នាលយុវជនឆ្នើម ដើម្បីចូលរួមកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីវឌ្ឍនភាពនិងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសយើងទាំងបី និងបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ ទទួលបានបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង និងបានឃើញជាក់ស្តែងនូវសមិទ្ធផលសង្គមជាតិ៕