(ភ្នំពេញ)៖​ លោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ លោក ហួត ស៊ីនាថ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីការរៀបចំផែនការសកម្មភាពក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលក្រសួងទាំងពីរ បានចុះកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក។

អនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជួយគាំទ្រការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត នៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងជួយរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនមន្ត្រីរាជការ និងជួយរៀបចំគាំទ្រខាងផ្នែកអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផងដែរ៕