(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីន បានបញ្ជាក់ប្រាប់យុវជនឲ្យដឹងថា មានតែសម្តេចតេជោ ហ៊ុន សែន ទេ ដែលបានបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ ធ្វើឲ្យប្រទេសជាតិ មានសន្តិភាព និងការអភិវឌ្ឍ។ លោក លី ធុជ បានកោតសរសើរយ៉ាងខ្លាំងចំពោះក្មួយៗ ដែលបានយល់ដឹងយ៉ាងច្បាស់អំពីផលប៉ះពាល់ដោយសារសង្គ្រាម ដែលធ្វើឲ្យប្រទេសកម្ពុជា វិនាស ហិន ហោច មិនតែប៉ុណ្ណោះ វាធ្វើឲ្យមានផលប៉ះពាល់ រហូតមកដល់សព្វថ្ងៃនេះ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់បែបនេះ ខណៈលោកចូលរួម អបអរសាទរ កាប្រកួតកីឡាបាល់ទាត់ យុវជន យុវនារី អាយុក្រោម១៥ឆ្នាំ ដើម្បីអប់រំយល់ដឹងពីផលរងគ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ ។ ក្នុងពិធីសំណេះសំណាលលោកទេសរដ្ឋមន្ត្រី បានណែនាំដល់កីឡាករទាំងអស់ ត្រូវយកចិត្តទុកដាក់លើកីឡា ពីព្រោះកីឡាផ្តល់ឲ្យយើងនូវ៖វិន័យ, យុត្តិធម៌, សារតីសាមគ្គីភាព,សុខភាព,ជៀសផុតពីគ្រឿងញៀន។ ក្រៅពីនោះលោក ក៏បានណែនាំដល់យុវជនទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវ៖ យុត្តិធម៌ ក្រមសីលធម៌ក្នុងការរស់នៅ ផែនការសម្រាប់ជីវិតរស់នៅ និងសាមគ្គីគ្នា ធ្វើការជាក្រុម ជាពិសេស បានណែនាំយុវជនត្រវយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងខិតខំរៀនសូត្រឲ្យបានពូកែ ដើម្បីធ្វើជាអ្នកបន្តវេននៅពេលអនាគត។
ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណ ដល់ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី អភិបាលរងខេត្តពោធិសាត់ តំណាងលោក អភិបាលខេត្ត និងលោក នូ សំណាង ប្រធានអង្គការស្មារតីកីឡា ( SOS) ដែលបានរៀបចំកម្មវិធីប្រកួតកីឡាបែបនេះឡើង ហើយលោកទេសរដ្ឋមន្ត្រីស្នើសុំឲ្យអង្គការ SOS រៀបចំកម្មវិធីបែបនេះឲ្យបានច្រើនថែមទៀត៕