(ភ្នំពេញ)៖ រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សេង ធារិន ប្រធានសហព័ន្ធ​កីឡា​បញ្ចស៊ីឡាត់កម្ពុជា អមដំណើរដោយលោក បោន ប៊ិន អនុប្រធានសហព័ន្ធ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធ អញើញជួបសំណេះសំណាល និងលើទឹកចិត្ត​កីឡាករ កីឡាការនី ជម្រើសជាតិបញ្ចស៊ីឡាត់កម្ពុជា ចំនួន១៥រូប កំពុងហ្វឹកហាត់ នៅសាលហ្វឹក​ហាត់ ពហុកីឡាដ្ឋានមរតតេជោ រាជធានីភ្នំពេញ។

កីឡាករ កីឡាការនីទាំង១៥រូបនេះ នឹងចេញដំណើរទៅប្រកួតកីឡា​បញ្ចស៊ីឡាត់ ដណើ្តមមេដាយអន្តរជាតិ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី នារសៀលថ្ងៃទី១០ ខែកក្កដា។ ការប្រកួតមានរយៈពេល៦ថ្ងៃ ដោយមានកីឡាករ កីឡាការនី មកពីប្រទេសចំនួន៧ រួមមាន៖ ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក សឹង្ហបូរី ម៉ាឡេស៊ី កម្ពុជា ថៃ និងព្រុយណេ។

ក្នុងឱកាសអញ្ជើញលើកទឹកចិត្តនេះ លោក សេង ធារិន បានមានប្រសាសន៍ផ្តាំផ្ញើ សូមឱ្យកីឡាករ កីឡការនី ទាំងអស់ប្រើអស់ពីសមត្ថភាព ទោះបីជាចាញ់ ឬឈ្នះ នឹងទទួលបាននូវបទពិសោធន៍ថ្មីៗ ជាមួយអន្តរជាតិបន្ថែមទៀត ពិសេសត្រូវព្យាយាមរក្សានូវសីលធ៌ម តម្លៃ ជាជនជាតិខ្មែរ ធ្វើយ៉ាងត្រូវនាំយកមេដាយ និងកិត្តិយសមកឲ្យជាតិមាតុភូមិដ៏បវរនៃយើង។

លោក សេង ធារិន លោក បោន ប៊ិន បានឧបត្ថម្ភថវិកាដល់កីឡាករ កីឡាការនី ក្នុងម្នាក់ៗចំនួន ២០០ដុល្លារ និងបានជូនពរឱ្យពួកគេធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យ៕