(កំពង់ធំ)៖ សាខាកាំកុងត្រូលខេត្តកំពង់ធំដឹកនាំដោយ លោក លៀង សុភា ប្រធានសាខា បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម បានបន្តចុះពិនិត្យទំនិញ ដែលដាក់តាំងលក់ តាមផ្ទះលក់ទំនិញស្ថិតនៅផ្សារប្រឡាយ ក្នុងភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ ។

លោក លៀង សុភា បានឲ្យដឹងថា នៅក្នុងការចុះពិនិត្យរកទំនិញខូចគុណភាពនៅក្នុងផ្សារប្រឡាយ គឺបាន រកឃើញទឹកក្រូចខូចគុណភាព រួមមាន ម៉ាកBiG ចំណុះ ៣លីត្រចំនួន៤ដង ផលិតនៅប្រទេសថៃ, ទឹកក្រូចម៉ាក L P ចំណុះ ៣៣០លីត្រ ចំនួន៦៤ដប ផលិតនៅប្រទេសកម្ពុជា,ទឹកក្រូចម៉ាក V.joys ចំណុះ ៣៥០ លីត្រ ចំនួន១៤ដប ផលិតនៅប្រទេសថៃ,ទឹកក្រូចម៉ាក Samurai ចំណុះ៤៦០លីត្រ ចំនួន៧២ដប ផលិតនៅប្រទេសកម្ពុជា,ទឹកក្រូច ម៉ាក Mawina ចំនួន២លីត្រ ចំនួន ៣ដប ផលិតនៅប្រទេសកម្ពុជា,ត្រណាប់ដូង ម៉ាកថាញ់ប៊ិញ ចំនួន២កញ្ចប់ធំ។

ក្រោយពីការរឹបអូសបាន ទំនិញខូចគុណភាពដែលដកហូតពីអាជីវករលក់ដូរនឹងយក ទៅកំទេចចោល។ ជាមួយគ្នានេះ លោកប្រធានសាខា បានសំណូមពរ ដល់អាជីវករ ទាំងអស់ សូមកុំខឹងមន្រ្តីរបស់លោក ដែលចុះទៅពិនិត្យ និងដកហូតទំនិញ ខូចគុណភាព ទាំងនោះព្រោះថា បើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋ ប៉ុន្មាននាក់ ដែលទទួលទាន ហើយខូចសុខភាពនោះ។ 

លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ព្រោះរដូវនេះ ជារដូវបុណ្យទានផង គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ជាមួយគ្នានោះដែរ មន្ដ្រីកាំកុងត្រូល បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែល បណ្តាលការ បរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ៕

v