(សៀមរាប)៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យការអនុវត្តការគាំពារ និងអភិវឌ្ឍកុមារតូច ថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូនីសេហ្វកម្ពុជា។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃក្រុមប្រឹក្សាខេត្តសៀមរាប, លោកស្រី ម៉ននី រងី្ស  អភិបាលរងខេត្ត និងលោកបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារ និងជាប្រធាននាដ្ឋានអប់រំកុមារតូច ព្រមទាំងមានការចូលរួមពីលោក លោកស្រីគណៈប្រតិភូក្រសួង, តំណាងអង្គការ យូនីសេហ្វកម្ពុជា មន្ទីរ អង្គភាពពាក់ព័ន្ធ ទីចាត់ការផែនការ និងវិនិយោគ លោក លោកស្រី តំណាងអង្គការក្រៅរដ្ឋាភិបាលជាច្រើនចូលរួមផងដែរ។

លោកស្រី ស៊ិន ណម បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងចំនួនពីរ គឺទី១៖ ស្វែងយល់អំពីសារៈសំខាន់ នៃយន្តការគាំពារ និងអភិវឌ្ឍកុមារតូចជាទម្រង់ពហុវិស័យ, ទី២៖ យល់ដឹងអំពីនីតិវិធី នៃការចូលរួមកសាងផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ។ សិក្ខាសាលា ក៏បានផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធ បានជជែកគ្នាអំពីបញ្ហាប្រឈម ដើម្បីដំណោះស្រាយ និងផែនការបន្ត ដើម្បីធ្វើយ៉ាងណាឱ្យកុមារតូចគ្រប់រូប មានឱកាសបានចូលរៀន និងទទួលបានគុណភាពអប់រំប្រកបដោយសមធម៍ និងបរិយាបន្ន។ 

លោកស្រី ស៊ិន ណម បានថ្លែងថា សិក្ខាសាលានេះ ជាការចូលរួមចំណែកមួយផ្នែក ដើម្បីជួយលើកស្ទួយគុណភាព នៃការអប់រំ នៅខេត្តសៀមរាប ដើម្បីឆ្ពោះទៅសម្រេចបាន (គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ឆ្នាំ២០៣០) របស់ក្រសួងអប់រំ យុវជន និងកីឡា នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៅតែបន្តចាត់ទុក ការអភិវឌ្ឍធនធានមនុស្ស ឬវិស័យអប់រំជាអាទិភាពទីមួយ ក្នុងនោះដែរ ធនធានមនុស្ស ក៏ជាទុនមួយយ៉ាងសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីធ្វើការអភិវឌ្ឍប្រទេស។

លោកស្រីានបន្តថា ដើម្បីចូលរួមចំណែកក្នុងការធ្វើយ៉ាងណាឱ្យសម្រេចបានតាមផែនការនេះ ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអង្គភាពពាក់ព័ន្ធ សាលារៀន អាណាព្យាបាល និងអង្គការដៃគូរអប់រំទាំងអស់ ត្រូវតែចូលរួម និងសហការគ្នាក្នុងការបង្កើនឱកាសដល់កុមារទាំងនៅមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ពង្រឹងគុណភាពនៃការអប់រំតាមសាលារៀន និងសហគមន៍របស់ខ្លួនប្រកបដោយសមធម៍។

លោកស្រីក៏បានកោតសសើរដោយស្មោះចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូអប់រំទាំងអស់ ដែលបានខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយគុណភាព នៃការអប់រំនៅក្នុងខេត្តសៀមរាប ជាលទ្ធផលនៃការរៀនសូត្ររបស់សិស្សានុសិស្សក្នុងខេត្ត យើងបានទទួលលទ្ធផលគួជាទីមោទកភាពពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងបទបង្ហាញនេះ លោកបណ្ឌិត ប្រាក់ កុសល បានលើកឡើងថា សារៈសំខាន់នៃការគាំពារ និងអភិវឌ្ឍកុមារតូច គឺចាប់ពីនៅក្នុងផ្ទៃម្តាយ ព្រមទាំងចាំបាច់ត្រូវមានយន្តការអនុវត្តបែបពហុវិស័យ។

លោកបន្តថា រយៈពេលដ៏សំខាន់នៃ ការអភិវឌ្ឍកោសិកាខួរក្បាលរបស់កុមារ ចាប់ពីកុមារចូលមត្តេយ្យសិក្សាដល់វ័យកុមារតូចចូលសាលារៀន ដោយផ្តោតលើការអប់រំមាតាបិតា ភ្ញោជការអាន សរសេរ និងសុខភាពកុមារ កិច្ចការសង្គម និងការអនុវត្តជាវិជ្ជមានរបស់មាតាបិតា ព្រមទាំងគុណភាពសេវានោះ ទើបធ្វើឱ្យគន្លងសមត្ថភាពខ្ពស់នៃការត្រៀមរបស់កុមារចូលរៀនបានត្រឹមត្រូវ។

លោកបណ្ឌិតក៏បានលើកអំពីគន្លងនាំឱ្យរំខានធ្ងន់ធ្ងរដល់ការត្រៀមរបស់កុមារចូលរៀនផង។ ដូច្នេះ កុមារតូចៗទាំងអស់ ត្រូវទទួលបានសេវាអប់រំប្រកបដោយគុណភាព ដើមី្បត្រៀមខ្លួនចូលរៀននៅសាលាបឋមសិក្សា៕