(តូក្យូ-ជប៉ុន)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានអនុស្សាវរីយ៍យុទ្ធជនពលី នៃកងស្វ័យការពារជប៉ុន ស្ថិតនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ជាទីដែលនាយឧត្តមសេនីយ៍ កំពុងបំពេញទស្សនកិច្ច។

សូមជម្រាបថា ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានដឹកនាំប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា (Yasunori Morishita) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្ដែងការគួរសមជាមួយលោក មិណូរុ ហារ៉ា (Minoru Kihara) រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសជប៉ុន និងនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីជិ (Yoshida Yoshihide) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីនាយឧត្ដមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ សំដៅរួមចំណែកពូនជ្រំ និងជំរុញទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន»។

គួររំលឹកផងដែរថា កងទ័ពជើងគោកកម្ពុជា-ជប៉ុន បានសម្រេចសមិទ្ធផលប្រវត្តិសាស្ត្ររួមគឺ ឯកសារ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន» ដែលត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣៕