(ភ្នំពេញ)៖ លោកស្រី Ms. Atsuko Okuda នាយកសហពន្ធ័ទូរគមនាគមន៍អន្តរជាតិ (ITU) ប្រចាំតបន់ Asia and Pacific តាមរយៈវិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD បានអញ្ជើញមកសិក្សាស្វែងយល់ពីមធ្យោបាយ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន ដើម្បីរួមគ្នាពង្រឹងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលនឹងឈានឆ្ពោះទៅការផ្លាស់ប្តូរប្រព័ន្ធផ្សាយពី អាន់ណាឡូក ទៅប្រព័ន្ធឌីជីថល។

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នាយកសហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) ប្រចាំតបន់ Asia and Pacific បានជម្រាបជូនពីគោលបំណងចង់ធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយឱ្យបានកាន់តែរឹងមាំប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈត្រឹម ហើយរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនពីដំណើរការវិវឌ្ឍរួមនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា គឺមានការរីកចំរើនខ្លាំងពិសេសតាមបណ្តាញផ្សព្វផ្សាយសង្គមដែលមានការបង្ហោះ និងផ្សាយព័ត៌មានយ៉ាងច្រើន ទាំងព័ត៌មានពិត និងក្លែងក្លាយ ហើយក៏មានក្រុម MMO ធ្វើការកាត់ តសំលេងផ្សេងៗដើម្បីធ្វើឱ្យសាធារណមតិមានការយល់ច្រឡំ ហើយការដែលក្រុមគេធ្វើដូចនេះដើម្បីទទួលបានការ like Share ច្រើនបានលុយ និងផលប្រយោជន៍ដទៃទៀត។

ដូច្នេះហើយ ក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី៧នេះ បាននឹងកំពុងខិតខំផ្តោតទៅលើការងារពង្រឹងគុណភាពសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន ជារួមដើម្បីឱ្យការផលិតនូវខ្លឹមសារព័ត៌មាន ផ្តល់ជាសារៈប្រយោជន៍ និងផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ជាអ្នកអាន ស្តាប់ ដោយក្នុងនោះបានក៏និយាយអំពីសន្តិសុខព័ត៌មាន សំដៅទៅលើសិទ្ធិទទួលបានព័ត៌មាន អត្ថបទប្រកបដោយគុណភាព និងមានសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន មានន័យថា មិនមានព័ត៌មានក្លែងក្លាយ។

ជាមួយនេះ ក្រសួងព័ត៌មាន ក៏បាននឹងកំពុងរៀបចំសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលនឹងជាឧបករណ៍គតិយុត្តរួមមួយសម្រាប់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជា គោរពប្រតិបត្តិ សំដៅលើកកម្ពស់ និងតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

លោកស្រី នាយកសហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) ប្រចាំតបន់ Asia and Pacific បានគាំទ្រដល់កិច្ចការងាររបស់ក្រសួងព័ត៌មាន លើការពង្រឹងគុណភាពវិស័យព័ត៌មាន និងការផ្សព្វផ្សាយហើយតាមរយៈនេះខាង ITU និង AIBD ត្រៀមធ្វើកិច្ចសហការក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មានអោយបានកាន់តែប្រសើរបន្ថែមទៀត។

ក្នុងឱកាសនៃកិច្ចពិភាក្សានេះដែរ តំណាងវិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD ស្នើដល់ក្រសួងព័ត៌មានកម្ពុជា រៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាសុី នៅក្នុងឆ្នាំ២០២៥៕