(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៅសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ។

ពិធីនេះដោយមានការអញ្ជើញចូលរួមដោយលោក ជា ពិសី អភិបាលខណ្ឌទួលគោក អភិបាលរងខណ្ឌ ក្រុមប្រឹក្សាខណ្ឌ នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យចំណុះ មន្រ្តីសាលាខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ នាយបុស្តិ៍នគរបាល ចៅសង្កាត់ទាំង១០ ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងមេភូមិទាំងអស់នៅក្នុងខណ្ឌទួលគោក សរុបចំនួនជាង ៣០០នាក់។

ក្នុងឱកាសនេះ ប្រធានគណៈមេធាវី បានធ្វើកិច្ចស្វាគមន៍ និងជម្រាបអំពីគោលបំណង ចំនួន ៤ចំណុចសំខាន់ៗ ដូចខាងក្រោម៖

ទី១៖ ចង់ធ្វើការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី
ទី២៖ ផ្សព្វផ្សាយ និងពង្រឹងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ
៖ទី៣៖ ផ្សព្វផ្សាយអំពីសេវាពិគ្រោះយោបល់ដោយមិនគិតកម្រៃជូនប្រជាពលរដ្ឋ
និងទី៤៖ បណ្តុះបណ្តាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី។

ការផ្សព្វផ្សាយផ្ទាល់ជាមួយនឹងមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំ នៅក្នុងកម្រិត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាកម្រិត ឃុំសង្កាត់ និងភូមិនេះ ពួកគាត់នឹងបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែលគណៈមេធាវីបានធ្វើកន្លងមក ជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសគឺជាការចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានគណៈមេធាវី សូមគោរពថ្លែងអំណរគុណ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានគាំទ្រគម្រោងមេធាវីដល់មូលដ្ឋាន ព្រមទាំងគោរពថ្លែងអំណរគុណលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក ដែលបានជួយសម្រួល និងផ្តល់កិច្ចសហការជាមួយគណៈមេធាវី៕