(កណ្ដាល)៖ គ្រួសារសពក្មេងស្រីទាំង៣នាក់ ដែលលង់ទឹកស្លាប់ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ទទួលបានថវិកាដើម្បីរួមបុណ្យសពពីសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងក្រុមការងារជួយមូលដ្ឋានហើយ តាមរយៈចៅសង្កាត់រកាខ្ពស់ នារសៀលថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០២នេះ។

គួរឱ្យដឹងថា នៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីកម្លាំងសម្ថកិច្ចជំនាញពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋដែលដឹកនាំបញ្ជាដោយលោក គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល រួមទាំងមេបញ្ជាការកងកម្លាំងពាក់ព័ន្ធ បានរាវរកសពក្មេងស្រីលង់ទឹកទាំង០៣នាក់ ត្រូវបានរកឃើញនៅវេលាម៉ោង១០៖៣០នាទីយប់។

ក្រោយរកឃើញថា កម្លាំងជំនាញកំពុងធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យ និងបានប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្ចើបុណ្យតាមប្រពៃណី។
តាមការរៀបរាប់របស់ម្តាយជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ បានចេញពីផ្ទះនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨៖៣០នាទីព្រឹក តាមកាមេរ៉ាសុវត្ថិភាព មានក្មេងរងគ្រោះចំនួន៣នាក់ បានដើរចេញពីក្នុងបុរីរណបសុភមង្គល ឆ្ពោះមកលេងទឹកបឹងទឹកជោរនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លុះដល់វេលម៉ោងបាយថ្ងៃត្រង់ មិនឃើញក្មេងទាំង៣នាក់នោះ មករកហូបបាយដូចសព្វដងក្រុមគ្រួសារស្វែងរក មកដល់ទីតាំងបឹងខាងលើក៏ឃើញសម្ភាររបស់ពួកក្មេងៗនៅមាត់បឹងទឹកជោរ តែមិនឃើញក្មេងៗទេសង្ស័យថា ក្មេងៗលង់ទឹកតែម្តង។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព និងសូមឱ្យវិញ្ញាណក្មួយស្រីទាំង៣ សូមបានទៅកាន់សុគតិភព។

សម្រាប់ចំនួនថវិកាដែលឧបត្ថម្ភទៅគ្រួសារនៃសពទាំង៣នាក់មានដូចខាងក្រោម៖

១៖ សម្ដេចប្រធានរដ្ឋសភា បានចូលបច្ច័យចំនួន ១២,០០០,០០០រៀល
២៖ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភនូវថវិកាចំនួន ១៥,០០០,០០០រៀល
៣៖លោក ខឹម សោភ័ណ បានឧបត្ថម្ភ អង្ករចំនួន ១៥០គីឡូក្រាម
៤៖លោកស្រី ខុន លក្ខិណា បានឧបត្ថម្ភនូវថវិកាចំនួន ៦០០,០០០រៀល

គ្រួសារសពបានសំដែងនូវការគោរពថ្លែងអំណរយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់ថ្នាក់ដឹកនាំដែលបានយល់ដឹងពីសុខទុក្ខរបស់ពួកគាត់៕